នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ ក្រសួងការបរទេសចិន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបញ្ហាព្រំដែនដែលមានជម្លោះ នៅតំបន់ភ្នំហិមាល័យ។
នេះទើបតែជាលើកទី២ ប៉ុណ្ណោះ សម្រាប់ជំនួបបែបនេះ ចាប់តាំងពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុងឆ្នាំ២០២០ រវាងទាហានឥណ្ឌា និងចិន នៅព្រំដែន។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសធំជាងគេទាំង២ នៅអាស៊ី ត្រូវបានផ្សះផ្សា ចាប់តាំងពីមានកិច្ចព្រមព្រៀង កាលពីខែតុលាឆ្នាំមុន ស្តីពីការល្បាតព្រំដែនតំបន់ភ្នំហិមាល័យរបស់ភាគីទាំង២ ដោយបានបន្ធូរបន្ថយការប្រឈមមុខដាក់គ្នារយៈពេល ៥ឆ្នាំ ជាអ្វីដែលបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើដំណើរតាមផ្លូវអាកាស។
លើសពីនោះទៀត នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងជួបប្រធានាធិបតីចិន លោក Xi Jinping នៅចុងខែនេះ នៅពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសចិន ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលជាប្លុកសន្តិសុខក្នុងតំបន់៕