មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នាថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បានប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពី «ការបញ្ចប់ការសម្លាប់ និងសង្គ្រាម» ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Zelenskyy បាននិយាយយ៉ាងដូច្នេះបន្ទាប់ពីបានសន្ទនាតាមទូរសព្ទជាមួយលោក Trump ដែលលោកបានប្រាប់ឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិកបានជូនដំណឹងដល់រូបលោក អំពី «ចំណុចសំខាន់ៗ» នៃកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska។
ហើយជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរថា ទីក្រុងគីវ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងន័យស្ថាបនា និងគាំទ្រដល់កិច្ចប្រជុំត្រីភាគី ដែលមានមេដឹកនាំសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី។
តាមរយៈសារនៅលើបណ្តាញសង្គម X លោក Zelenskyy បានរៀបរាប់ថា៖ «អ៊ុយក្រែនសូមបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ក្នុងការធ្វើការជាមួយកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ដើម្បីសម្រេចបានសន្តិភាព»។
លោកបានបន្ថែមថា៖ «យើងគាំទ្រសំណើរបស់លោកប្រធានាធិបតី Trump សម្រាប់កិច្ចប្រជុំត្រីភាគី រវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី។ អ៊ុយក្រែនសូមសង្កត់ធ្ងន់ថា បញ្ហាសំខាន់ៗ អាចត្រូវបានពិភាក្សា នៅកម្រិតមេដឹកនាំ ហើយទម្រង់ត្រីភាគី គឺសមស្របសម្រាប់បញ្ហានេះ»៕