បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀន នឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៦មករានេះ ។
ក្នុងករណីចុះបង្រ្កាបនោះដែរលោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ មុនពេលបង្ក្រាបករណីនេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរបស់ខ្លួន រហូតដល់វេលាម៉ោង២០និង០០នាទី ពេលល្បាតដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តេប្រទះឃើញបុរស០២នាក់ កំពុងប្រើប្រាស់គ្រឿងញៀន កម្លាំងរបស់លោកបានឃាត់ខ្លួនហើយធ្វើការឆែកឆេររកឃើញគ្រឿងញៀន ម៉្សៅក្រាមពណ៌សថ្លាចំនួន០៣កូនថង់កិប និង០៤បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។
លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ក្រោយពីសួរនាំបុរសទាំង០២នាក់រួច មកកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់ឃាត់បានជនសង្ស័យប្រុស ស្រី ចំនួន០៥នាក់បន្ថែមទៀត ព្រមទាំងដកហូតវត្ថុងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ចំនួន០៤កូនថង់កិប និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន០៧គ្រាប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យទាំង០៧នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច ជនសង្ស័យចំនួន ៦នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតជាអនីតិជនត្រូវបានអប់រំហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។
ពាក់ព័ន្ធករណីគ្រឿងញៀននេះដែរ ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងមានវត្ថុតាងនឹងចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៦នាក់ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
ក្នុងនោះដែរលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ


