លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បន្តថ្លែងសារ ទាមទារឱ្យភាគីថៃ ប្រគល់កងកម្លាំងកម្ពុជា ដែលថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ត្រូវប្រគល់មកឱ្យកម្ពុជាវិញ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហានេះ គឺមានរយៈពេល ១៩ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង។ ខណៈទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ មានរយៈពេល ១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។