ប្រភពបានសង្ខេបប្រាប់សារព័ត៌មានរ៉យទ័រអំពីគំនិតមួយចំនួនរបស់ទីក្រុងមូស្គូក្នុងសំណើសន្តិភាពថា រុស្ស៊ីនឹងលះបង់បំណែកដ៏តូចនៃទឹកដីអ៊ុយក្រែនដែលខ្លួនកាន់កាប់ ហើយទីក្រុងគីវនឹងត្រូវប្រគល់ទឹកដីភាគខាងកើតដ៏ធំរបស់ខ្លួនដែលទីក្រុងមូស្គូមិនអាចវាយដណ្ដើមបាន នៅក្រោមសំណើសន្តិភាពដែលត្រូវបានពិភាក្សាដោយមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯកិច្ចប្រជុំកំពូលរដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

សេចក្ដីលម្អិតមួយចំនួននេះបានលេចឡើង បន្ទាប់ពីលោក Trump និងលោក Putin បានជួបគ្នានៅឯមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋអាឡាស្កា ដែលជាជំនួបកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងប្រមុខវិមានក្រឹមឡាំង ចាប់តាំងពីមុនពេលចាប់ផ្តើមជម្លោះអ៊ុយក្រែន។ ទោះជាកិច្ចប្រជុំនេះមិនអាចទទួលបានបទឈប់បាញ់ក៏ដោយ ក៏លោក Trump បានប្រាប់បទសម្ភាសន៍ Fox News ថា រូបលោក និងលោក Putin បានពិភាក្សាពីការដោះដូរទឹកដី និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយមានការ "យល់ស្របយ៉ាងទូលំទូលាយ"។
ប្រភពសង្កត់ធ្ងន់ថា លោក Putin ចង់បានឋានៈផ្លូវការសម្រាប់ភាសារុស្ស៊ី នៅអ៊ុយក្រែន ហើយសំណើលោក Putin នោះក៏ច្រានចោលបទឈប់បាញ់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងទូលំទូលាយមួយ ខណៈចំណុចនេះបានរារាំងតម្រូវការសំខាន់របស់អ៊ុយក្រែន ដែលរងការវាយប្រហារជារៀងរាល់ថ្ងៃពីយានដ្រូន និងមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ ប្រភពបន្តថា ក្រោមសំណើកិច្ចព្រមព្រៀងរបស់រុស្ស៊ីនោះ ទីក្រុងគីវត្រូវដកកម្លាំងទាំងស្រុងពីតំបន់ Donetsk ភាគខាងកើត និង Luhansk ជាថ្នូរនឹងការសន្យារបស់រុស្ស៊ី ក្នុងការបង្កកសមរភូមិមុខនៅក្នុងតំបន់ភាគខាងត្បូង Kherson និង Zaporizhzhia ។
អ៊ុយក្រែនបដិសេធរួចមកហើយលើរាល់ការដកថយពីទឹកដីអ៊ុយក្រែន ដូចជាតំបន់ Donetsk ជាដើម។ គេមិនច្បាស់ភ្លាមៗទេថា តើសំណើ -- ដែលប្រភពបញ្ជាក់ថាមិនពេញលេញរបស់លោក Putin នេះ -- គឺជាការបើកផ្លូវសម្រាប់កិច្ចចរចា ឬក៏ជាសំណើចុងក្រោយ ដែលមិនមែនជាប្រធានបទសម្រាប់ការពិភាក្សា ឬយ៉ាងណាឡើយ៕

