នៅភាគខាងកើតអ៊ុយក្រែន ពេលយប់ដ៏ស្ងប់ស្ងាត់នៅក្នុងច្រករបៀងងងឹតនៃប៉ុស្តិ៍ពេទ្យជួរមុខ អាចរងការបំផ្លាញូភ្លាមៗ។ ក្រុមគ្រូពេទ្យ បានក្រោកពីដំណេកយ៉ាងប្រញាប់ប្រញាល់ ទៅមើលរទេះរុញមួយដែលមានអ្នករងរបួសម្នាក់នៅលើនោះ នៅជួរមុខក្នុងតំបន់Donetsk។
ពួកគេធ្វើការជាបន្ទាន់ សង្កត់ទ្រូង និងស្រែកបញ្ជា រហូតដល់វាច្បាស់ថា ទាហានរូបនេះ មកដល់យឺត ពេលពេក។ បន្ទប់សង្គ្រោះ មានសភាពស្ងាត់ ខណៈសាកសពរបស់ទាហានស្លាប់នេះ ត្រូវបានដាក់ក្នុងថង់ពណ៌សបិទជិត។
គ្រូពេទ្យជំនាញខាងថ្នាំស្ពឹក បាននិយាយថា ទាហានរងរបួសនេះ មិនអាចសង្គ្រោះបានទេ ព្រោះការជម្លៀស ត្រូវចំណាយពេលយូរពេក។ នៅពេលមកដល់ចំណុចមានស្ថិរភាព គាត់បានស្លាប់បាត់ទៅហើយ។
នេះ មិនមែនជាករណីដាច់ពីគេនោះទេ ប៉ុន្តែជាផ្នែកនៃការផ្លាស់ប្តូរដ៏ទូលំទូលាយនៅក្នុងសង្រ្គាម ដែលការជម្លៀសផ្នែកវេជ្ជសាស្រ្ត កាន់តែមានការលំបាកខ្លាំងឡើងៗ។
លោក Daryna Boiko អ្នកជំនាញផ្នែកថ្នាំស្ពឹកមកពីសេវាវេជ្ជសាស្រ្ដ «Ulf» នៃកងវរសេនាតូច Da Vinci Wolves ទី១០៨ បាននិយាយថា៖«ដោយសារតែយានដ្រូន...ដែលអាចទៅដល់ទីឆ្ងាយៗបាន មានគ្រោះថ្នាក់ណាស់សម្រាប់អ្នករងរបួស នៅទីនោះ ហើយឥឡូវនេះ ក្រុមការងារ កំពុងប្រឹងប្រែងធ្វើការ ដើម្បីយកអ្នករងរបួសចេញ» ។ «នោះហើយ គឺជាមូលហេតុដែលឥឡូវនេះ មានលំបាកក្នុងការដឹកជញ្ជូន»។
នៅក្នុងប៉ុន្មានខែដំបូងនៃការលុកលុយពេញបន្ទុករបស់រុស្ស៊ី រថយន្តជម្លៀស អាចទៅដល់ជួរមុខស្ទើរតែទាំងអស់ ដែលផ្តល់ឲ្យអ្នករងរបួសមានឱកាសរស់រានមានជីវិតបានយ៉ាងប្រសើរ នៅពេលនោះ។