លោក Abbas Othman គឺជាកសិករដាំស្រូវសាលីមួយរូបមកពីតំបន់ Qamishli ដែលជាមជ្ឈមណ្ឌលស្រូវសាលីដ៏សំខាន់របស់ស៊ីរី ស្ថិតនៅខេត្តភាគឦសាន Hasakaនោះ នៅពុំទាន់បានប្រមូលផលស្រូវសាលីសូម្បីមួយល្អី ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងបានដំាដុះស្រូវ ៦ហិចតា ប៉ុន្តែពួកយើងមិនបានទទួលផលនោះទេសូម្បីមួយល្អី ។
ស៊ីរីប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ ក្រោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៣៦ឆ្នាំកន្លងមកនេះ បានវាយប្រហារផលិតផលស្រូវសាលី ប្រហែល ៤០ភាគរយ ។
កម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ និយាយថា ពលរដ្ឋស៊ីរីប្រហែល ៣លាននាក់ អាចនឹងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ។
ពួកគេបន្តថា ជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប ២៥,៦លាននាក់ បច្ចុប្បន្នប្រឈមនឹងអសន្តិសុខស្បៀង ។
នៅក្នុងរបាយការណ៍ខែមិថុនាកន្លងទៅ អង្គការកសិកម្ម និងស្បៀងអាហារអង្គការសហប្រជាជាតិ បានធ្វើការប៉ាន់ប្រមាណថា ស៊ីរីប្រឈមនឹងកង្វះស្រូវសាលី ២,៧៣លានតោន ឬល្មមគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ១៦លាននាក់ប៉ុណ្ណោះ ក្នុងរយៈពេល ១ឆ្នាំ ។
ស្ថានភាពបែបនេះ បានក្លាយជាការងារប្រឈមមួយសម្រាប់លោកប្រធានាធិបតី Ahmed al-Sharaa ដែលរដ្ឋាភិបាលរបស់លោកព្យាយាមកសាងប្រទេសស៊ីរីឡើងវិញ ក្រោយសង្រ្គាមស៊ីវិលរយៈពេល ១៤ឆ្នាំ បន្ទាប់ពីផ្តួលរំលំរបបរបស់អតីតប្រធានាធិបតីលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ។
សូមបញ្ជាក់ថា ស្រូវសាលី គឺជាដំណាំដ៏សំខាន់បំផុតរបស់ស៊ីរី និងគាំទ្រកម្មវិធីនំបុ័ងឧបត្ថម្ភដោយរដ្ឋ ដែលវាចាំបាច់សម្រាប់ជីវិតរស់នៅរបស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕

