នៅច្រកឆ្លងកាត់ Rafah ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប រថយន្តជំនួយរាប់រយគ្រឿង បានឈប់នៅស្ងៀមនៅក្នុងវាលខ្សាច់អេហ្ស៊ីប ដោយបានជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃ ដោយមានត្រឹមតែរថយន្តជំនួយ មួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលដោយអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយមនុស្សធម៌ឆ្លងកាត់តាមព្រំដែននេះ។
បន្ទាប់ពីសង្រ្គាមជិតពីរឆ្នាំ អ្នកជំនាញដែលគាំទ្រដោយអង្គការសហប្រជាជាតិ បាននិយាយថា ទុរ្ភិក្សកំពុងកើតឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈពេលដែលមានការខ្វះខាតទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរផងដែរ។
ប៉ុន្តែក្រុមជំនួយនិយាយថា លំហូរនៃការផ្គត់ផ្គង់សំខាន់ៗ នៅតែមានភាពយឺតយ៉ាវគួរឲ្យឈឺចាប់ ទោះបីជាមានវិបត្តិ កើនឡើងក៏ដោយ។
មន្ត្រីអង្គការសហប្រជាជាតិ ៤នាក់ អ្នកបើកបររថយន្តជាច្រើននាក់ និងអ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហមអេហ្ស៊ីបម្នាក់ ប្រាប់សារព័ត៌មា AFPថា អ៊ីស្រាអែល បន្តបដិសេធការមិនឲ្យចូលនូវឧបករណ៍ពេទ្យសម្រាប់ សង្គ្រោះជីវិត ទីជម្រក និងសម្ភារៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទឹក។
ពួកគេបាននិយាយថា សម្ភារៈផ្គត់ផ្គង់ ត្រូវបានច្រានចោលជាញឹកញាប់ចំពោះ«ការប្រើប្រាស់សម្រាប់ ស៊ីវិលនិងយោធា មានន័យថា ពួកវាអាចត្រូវបានគេដាក់ឲ្យប្រើប្រាស់សម្រាប់យោធា ឬដោយសារការវេចខ្ចប់មិនបានត្រឹមត្រូវ។
លោក Amande Bazerolle ប្រធានផ្នែកឆ្លើយតបបន្ទាន់នៅតំបន់ហ្កាហ្សា នៅអង្គការសប្បុរសធម៌វេជ្ជសាស្ត្របារាំង MSF បាននិយាយថា សម្ភារៈមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យចូល«ដោយសារតែពួកវាជាលោហធាតុដែលគេហាមឃាត់។