ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរាយការណ៍ថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស ចំពោះសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលរួមមានសំណើដោះលែងចំណាប់ថ្នូរ និងការផ្អាកប្រយុទ្ធ ប៉ុន្តែការឆ្លើយតបជាផ្លូវការរបស់អ៊ីស្រាអែល ចំពោះការយល់ព្រមរបស់ក្រុមហាម៉ាសនេះ មិនទាន់ត្រូវបានចេញទេ ខណៈខ្លួនកំពុងតែថ្លឹងថ្លែងចំណុចលម្អិតនៅឡើយ ស្របពេលទុក្ខវេទនារបស់អ្នកស្រុកប៉ាឡេស្ទីនកាន់តែជ្រៅឡើង។
ក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលថ្ងៃចន្ទ (១៨ សីហា) ថា ក្រុមរបស់ខ្លួន និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀត បានប្រកាសយល់ព្រមចំពោះសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា រយៈពេល ៦០ថ្ងៃ ដែលបង្ហាញដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា។
ស៊ីនហួរាយការណ៍ថា សំណើនេះរួមបញ្ចូលទាំងការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលនៅរស់ចំនួន ១០នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៤០នាក់ ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកទោស ៦០នាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារលើសពី ១៥ឆ្នាំ នៅអ៊ីស្រាអែល។
របាយការណ៍បន្តថា សំណើនេះក៏រួមបញ្ចូលផងដែរនូវការបញ្ជូនជំនួយមនុស្សធម៌ជាបន្ទាន់ទៅក្នុងហ្កាហ្សាស្ទ្រីប ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន។ លើសពីនេះ ទូរទស្សន៍ Al Qahera News របស់អេហ្ស៊ីប រាយការណ៍ថា សំណើនេះក៏បញ្ចូលការផ្អាកបណ្តោះអាសន្នចំពោះប្រតិបត្តិការយោធា និងការដាក់ពង្រាយកងកម្លាំងអ៊ីស្រាអែលឡើងវិញ ដើម្បីជួយសម្រួលដល់ការចូលនៃជំនួយឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមនុស្សធម៌របស់អ្នកស្រុកហ្កាហ្សា៕