ប្រភពការទូតបាននិយាយថា រដ្ឋមន្ត្រីការពារជាតិជប៉ុន នឹងធ្វើការពិភាក្សា នៅក្នុងប្រទេសទួរគី នៅថ្ងៃអង្គារនេះ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ រួមទាំងការផ្គត់ផ្គង់យានដ្រូន ដែលផលិតដោយទួរគី ខណៈដែលទីក្រុងតូក្យូ កំពុងពង្រីកតួនាទីនៃប្រព័ន្ធគ្មានមនុស្សបើក នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
លោក Gen Nakatani គឺជារដ្ឋមន្ត្រីការពារជាតិជប៉ុនដំបូងគេ ដែលធ្វើដំណើរផ្លូវការបែបនេះ ទៅកាន់ទួរគី ជាប្រទេសសមាជិកអង្គការណាតូ ដែលមានបំណងចង់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងទៀត លើសពីអឺរ៉ុប និងមជ្ឈិមបូព៌ា។ ប្រទេសទួរគី និងជប៉ុន គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ប្រភពការទូតនៅទីក្រុងអង់ការ៉ា បាននិយាយថា លោក Gen និងរដ្ឋមន្ត្រីការពារជាតិទួរគី លោក Yasar Guler ត្រូវបានគេរំពឹងថា នឹង«ពិភាក្សាអំពីវិធី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ និងផ្លាស់ប្តូរទស្សនៈស្តីពីការវិវឌ្ឍក្នុងតំបន់»។
ប្រភពបានបន្ថែមថា ពួកគេក៏មានគោលបំណងបង្កើនទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទួរគី និងកងកម្លាំងស្វ័យការពាររបស់ជប៉ុន នៅកម្រិតអង្គភាព។ លោក Gem ក៏គ្រោងនឹងទៅទស្សនាទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃពុធផងដែរ។
ក្រសួងការពារជាតិទួរគី និងជប៉ុន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
