បាល់ទាត់៖ ក្រុម Fulham បានពន្លាតការនាំមុខនៅក្របខណ្ឌទី២ អង់គ្លេស League Championship ក្រោយយកឈ្នះ Birmingham City ៦-២ យប់មិញក្នុងសប្តាហ៍ទី២៦។ គ្រាប់តែវគ្គទី១ ក្រុមម្ចាស់ផ្ទះ Fulham បាននាំមុខមុន ៤-១ ទៅហើយបើកឆាកដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Birmingham នៅនាទីទី១០ មុនពេលដែល Kebano, Cavalho និង Cairney រកបានម្នាក់មួយគ្រាប់ និង Birmingham បានមួយគ្រាប់នៅនាទីទី៤៥ ដោយ Ivan Sunjic។

ឈានចូលវគ្គទី២ Gary Gardner តបបានមួយគ្រាប់ទៀតឱ្យ Birmingham តែ Fulham រកបានពីរគ្រាប់ទៀតដោយ Fabio Cavalho គ្រាប់ទី២ និង Robinson នាទីទី៩០+៣។ លទ្ធផលនេះ Fulham បន្តនាំមុខក្នុងតារាងក្រោយសប្តាហទី២៦ ដាចក្រុមលេខ ២ Bournemouth និង Blackburn Rovers លេខ ៣ ចំនួន ៥ពិន្ទុដូចគ្នា។ សូមបញ្ចាក់ថា Fulham បីប្រកួតចុងក្រោយស៊ុតបញ្ចូលទី ៦គ្រាប់ឡើងរួមមានឈ្នះ Reading ៧-០, ឈ្នះ Bristol City ៦-២ និងឈ្នះ Birmingham City ៦-២ នេះ។ Fulham បានក្លាយជាក្រុមដំបូងក្នុងរយៈពេល ៨៨ឆ្នាំដែលធ្វើបានបែបនេះបីប្រកួតជាប់គ្នាបន្ទាប់ពី Chester City ធ្វើបានបែបនេះតាំងពីរដូវកាល ១៩៣៣-១៩៣៤៕
អត្ថបទ៖នាង សុភាវុធ