បេឡារុស និងអ៊ីរ៉ង់ ដែលប្រទេសទាំង២ បានគាំទ្រសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន គ្រោងនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យការពារជាតិផងដែរ។ នេះបើតាមការឲ្យដឹងពីប្រធានាធិបតីនៃប្រទេសទាំង២ ក្នុងអំឡុងពេលមានកិច្ចពិភាក្សានៅទីក្រុងមីនស្ក៍ (Minsk) នាថ្ងៃពុធ (ទី២០ ខែសីហា) នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងសមភាគីរបស់លោក គឺលោក Masoud Pezeshkian បានយល់ព្រមធ្វើការលើការបង្កើតសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ។
សារព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក Lukashenko ដែលបាននិយាយថា៖ «ដោយសារលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុងមីនស្ក៍ និងតេអេរ៉ង់ កំពុងបោះជំហានយ៉ាងជាប់លាប់ និងប្រកបដោយតុល្យភាព ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងបន្ថែមទៀត ហើយកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រែក្លាយបញ្ហាប្រឈមថ្មីមួយឲ្យទៅជាឱកាសថ្មីមួយ»។
លោក Lukashenko បានបញ្ជាក់ថា៖ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីបញ្ហាណាមួយ ពោលគឺយើងមិនមានអ្វីត្រូវលាក់បាំងនោះទេ»។ លោកបានបន្ថែមថា ប្រទេសទាំង២ អាចធ្វើជាដៃគូលើវិស័យជាច្រើន ដែលរួមមានទាំង «កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា» ផងដែរ។
ទាំងអ៊ីរ៉ង់ និងបេឡារុស កំពុងស្ថិតនៅក្រោមអ្វីដែលលោក Pezeshkian ពិពណ៌នាថា ជា «ទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច»។ ហើយសារព័ត៌មាន Belta បានដកស្រង់សម្តីរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ដែលបាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយបេឡារុស «បំផ្លាញ» វិធានការបែបនេះ ដោយកត់សម្គាល់ថា ខ្លួនមានបទពិសោធន៍ជាង ៤០ឆ្នាំ នៅក្នុងស្ថានភាពបែបនេះ៕