រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសមភាគីរបស់លោក នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃពុធ (ទី២០ ខែសីហា) នេះ។
ទាំងលោក Johann Wadephul និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Sugiono បានលើកឡើងថា មហន្តរាយមនុស្សធម៌ដែលកើតចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា គឺមិនអាចស៊ូទ្រាំបានទេ ហើយដំណោះស្រាយរដ្ឋ២ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ជម្លោះនេះ។
សម្រាប់លោក Wadephul រដមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បាននិយាយថា៖ «គោលដៅ សម្រាប់យើងទាំងអស់គ្នា គឺច្បាស់លាស់ណាស់ ពោលគឺដំណោះស្រាយរដ្ឋ២ ត្រូវតែត្រូវបានចរចា»។ លោក Wadephul បានបន្ថែមថា៖ «អាល្លឺម៉ង់ ក្នុងនាមជាមិត្តពិសេស និងជាដៃគូរបស់អ៊ីស្រាអែល ក៏ត្រូវមានការទទួលខុសត្រូវផងដែរ ហើយខ្ញុំជឿជាក់ថា យើងនឹងមានការពិភាក្សាប្រកបដោយការទទួលខុសត្រូវ អំពីបញ្ហានេះនាពេលអនាគត»។
អាល្លឺម៉ង់គាំទ្រការប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ខណៈកំពុងអំពាវនាវឲ្យអ៊ីស្រាអែលចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការរងទុក្ខវេទនា នៅតំបន់ហ្កាហ្សា៕