តុលាការឧទ្ធរណ៍សហព័ន្ធកាលពីថ្ងៃពុធ (២០ សីហា) បានជម្រះឧបសគ្គផ្លូវច្បាប់ថ្មីមួយឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សិទ្ធិទទួលបានការការពារបណ្ដោះអាសន្នពីការនិរទេស និងលុបចោលប័ណ្ណអនុញ្ញាតធ្វើការងារ សម្រាប់ជនអន្តោប្រវេសន៍ជាង ៦០.០០០នាក់ មកពីអាមេរិកកណ្តាល និងនេប៉ាល់។

សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកប្រចាំតំបន់ទី៩នេះ អនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ចប់ស្ថានភាពការពារបណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍មកពីនីការ៉ាហ្គា ហុងឌុយរ៉ាស និងនេប៉ាល់ ខណៈការជំទាស់នឹងគោលនយោបាយនេះមិនអាចដំណើរការទៅមុខបាន។ ចៅក្រមទាំង ៣រូប ដែលចុះហត្ថលេខាលើដីកាផ្តល់ជ័យជម្នះផ្លូវច្បាប់ឱ្យលោក Trump នោះ មិនបានផ្តល់ហេតុផលផ្លូវច្បាប់ណាមួយលើការសម្រេចចិត្តនេះទេ។
ដីកាថ្មីនេះអាចបញ្ចប់ភ្លាមៗនូវការការពារសម្រាប់ជនជាតិនេប៉ាល់ ដែលបានផុតកំណត់រួចហើយនៅថ្ងៃទី៥ ខែសីហា រួមទាំងការការពារសម្រាប់ជនជាតិហុងឌុយរ៉ាស និងនីការ៉ាហ្គា ដែលនឹងផុតកំណត់នៅថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិក លោកស្រី Tricia McLaughlin បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្ដីសម្រេចនេះនឹងជួយស្ដារឡើងវិញនូវសុចរិតភាពចំពោះប្រព័ន្ធអន្តោប្រវេសន៍អាមេរិក និងបញ្ឈប់ស្ថានភាពការពារបណ្តោះអាសន្ន មិនឱ្យយកទៅប្រើប្រាស់ជាលេស “ប្រព័ន្ធសិទ្ធិជ្រកកោនតាមជាក់ស្តែង” សម្រាប់ជនអន្តោប្រវេសន៍៕

