ការសិក្សាថ្មីមួយរកឃើញថា ការស្រូបផ្សែងដែលហុយពីចំហេះព្រៃ គឺមានគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងការគិតពីមុនរបស់មនុស្សលោកទៅទៀត ដោយចំនួនអ្នកស្លាប់ដោយសារការប៉ះពាល់រយៈពេលខ្លីទៅនឹងភាគល្អិតតូចៗនៅក្នុងផ្សែងចំហេះបែបនេះត្រូវប៉ាន់ស្មានមិនដល់ រហូតដល់ទៅ ៩៣%។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្ស ៥៣៥នាក់ នៅអឺរ៉ុប បានស្លាប់ជាមធ្យមក្នុងមួយឆ្នាំរវាងឆ្នាំ២០០៤ និង២០២២ ដោយសារការដកដង្ហើមស្រូបផ្សែងបែបនេះចូលខ្លួន ជាមួយនឹងភាគល្អិតពុលតូចៗនៅក្នុងនោះ ដែលគេស្គាល់ថា កំហាប់ភាគល្អិតនិចល PM2.5 ត្រូវបញ្ចេញនៅពេលភ្លើងឆេះព្រៃ។
នៅក្រោមវិធីសាស្រ្តស្តង់ដារ — ដែលសន្មត់ថាកំហាប់ PM2.5 ពីភ្លើងឆេះព្រៃគឺមានគ្រោះថ្នាក់ដូចប្រភពផ្សេងទៀត ដូចជាផ្សែងចរាចរណ៍ជាដើមនោះ — អ្នកវិទ្យាសាស្រ្តរំពឹងថានឹងមានអ្នកស្លាប់ត្រឹមតែ ៣៨នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ តួលេខអ្នកស្លាប់ តាមវិធីស្តង់ដារ និងតួលេខដែលរកឃើញក្នុងការស្រាវជ្រាវថ្មីនេះ គឺជាកម្រិតខុសគ្នាឆ្ងាយ និងកាន់តែគ្រោះថ្នាក់ណាស់។
ការសិក្សានេះកើតឡើងនៅពេលចំហេះព្រៃបានលេបត្របាក់ទ្វីបអឺរ៉ុបភាគខាងត្បូង ហើយទិន្នន័យថ្មីពីអង្គភាពត្រួតពិនិត្យចំហេះរបស់សហភាពអឺរ៉ុប បង្ហាញថា ផ្ទៃដី ៨៩៥.០០០ហិកតា ត្រូវបានដុតបំផ្លាញរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥ ដែលជាកម្រិតបំបែកកំណត់ត្រាសម្រាប់ពេលវេលានេះនៃឆ្នាំ។ ចំហេះទាំងនោះបានបញ្ចេញច្រើនជាងពីរដងនៃបរិមាណកំហាប់ PM2.5 ដែលចំហេះព្រៃធម្មតាបានបង្កើតជាមធ្យម ត្រឹមចំណុចនេះនៃឆ្នាំ និងនៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ៕

