មន្ត្រីបាននិយាយថា ប្រមុខការទូតមកពីប្រទេសប៉ាគីស្ថាន ចិន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ បានជួបប្រជុំគ្នា នៅក្នុងទីក្រុងកាប៊ុល សម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច ក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ត្រូវបានទទួលស្វាគមន៍ ដោយមន្ត្រីតាលីបង់ នៅពេលមកដល់រដ្ឋធានីអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកដែលបានចេញដោយទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថា កិច្ចពិភាក្សាដែលរៀបចំដោយទីក្រុងកាប៊ុល បានរួមបញ្ចូល«ការពិភាក្សាយ៉ាងទូលំទូលាយ» លើបញ្ហាជាច្រើនរួមមានទាំងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងក្នុងតំបន់។
យោងតាមក្រសួងការបរទេសរបស់ប្រទេសប៉ាគីស្ថាន ការពិភាក្សារបស់លោក Dar ក្នុងកិច្ចប្រជុំនោះ បាន ផ្តោតលើការពង្រីកពាណិជ្ជកម្ម ការកែលម្អទំនាក់ទំនងក្នុងតំបន់ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងអំពើភេរវកម្ម។
កិច្ចសន្ទនាជុំចុងក្រោយ បានធ្វើឡើង នៅទីក្រុងប៉េកាំង ក្នុងខែឧសភា។
ការវិវឌ្ឍថ្មីៗនេះ កើតឡើង រយៈពេលជាងមួយខែបន្ទាប់ពីប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលរបស់តាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ខណៈពេលដែលគ្មានប្រទេសណាមួយ លើកលែងតែមកពីរុស្ស៊ី បានផ្តល់ការទទួលស្គាល់ជាផ្លូវការ ក្រុមតាលីបង់ បានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយប្រទេសជាច្រើន និងបានបង្កើតទំនាក់ទំនងការទូតមួយចំនួន ជាមួយប្រទេសនានា រួមទាំងប្រទេសចិន និងអារ៉ាប់រួមផងដែរ។