អ៊ីស្រាអែលបានវាយលុកលើទីក្រុងហ្កាហ្សា និងជាយក្រុងនេះ ពេញមួយយប់ បន្ទាប់ពីក្រសួងការពារជាតិបានអនុម័តការវាយប្រហារបន្ថែមទៀត ដើម្បីកំណត់គោលដៅលើទីតាំងរឹងមាំរបស់ក្រុមហាម៉ាស ដែលនៅសេសសល់នៅលើតំបន់ហ្កាហ្សាស្រ្ទីប។
ផែនការដែលបានអនុម័តថ្មីនេះ អនុញ្ញាតឲ្យមានការកេណ្ឌទាហានបម្រុងប្រហែល ៦០.000នាក់ ដែលធ្វើឲ្យមានព្រួយបារម្ភកាន់តែខ្លាំងឡើងថា យុទ្ធនាការនេះ នឹងធ្វើឲ្យវិបត្តិមនុស្សធម៌ដ៏មហន្តរាយរួចទៅហើយនៅក្នុងទឹកដីប៉ាឡេស្ទីន កាន់តែអាក្រក់ឡើងៗ។

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមិនរង់ចាំទេ។ យើងបានចាប់ផ្តើមសកម្មភាពបឋម ហើយឥឡូវនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងកាន់កាប់ជាយក្រុងហ្កាហ្សា។
ផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការប្រយុទ្ធ និងគ្រប់គ្រងទីក្រុងហ្កាហ្សា បានបង្កឲ្យមានការតវ៉ាជាអន្តរជាតិ ក៏ដូចជាការប្រឆាំងក្នុងស្រុក។
