ប្រទេសបេឡារុសកំពុងវាយតម្លៃពីរបៀបដែលល្អបំផុត ក្នុងការបង្កើនការផលិតមីស៊ីលក្នុងស្រុក ក្នុងនោះរួមទាំងការស្វែងយល់អំពីរបៀបបំពាក់ប្រព័ន្ធជើងទម្របាញ់រ៉ូកែត Polonez ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការឲ្យដឹងពីមន្ត្រីសន្តិសុខជាន់ខ្ពស់បេឡារុសម្នាក់ នាថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ។
បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បានឲ្យដឹងនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ ហើយថែមទាំងបានសហការជាមួយចិនលើការអភិវឌ្ឍអាវុធផងដែរ។ ប្រទេសនេះមិនមានអាវុធនុយក្លេអែរផ្ទាល់ខ្លួននោះទេ ប៉ុន្តែផ្ដល់ទីតាំងដល់នុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ី ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ។
នៅក្នុងកិច្ចប្រជុំស្តីពីការផលិតអាវុធ នាថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតី Alexander Lukashenko ដែលបានដឹកនាំប្រទេសបេឡារុសតាំងពីឆ្នាំ១៩៩៤ មកនោះ បានប្រាប់ក្រុមមន្ត្រីថា ទីក្រុង Minsk ចាំបាច់ត្រូវធ្វើទំនើបកម្ម និងអភិវឌ្ឍការផលិតមីស៊ីលរបស់ខ្លួន។
លោក Lukashenko ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា៖ «សន្ទុះនៃការគំរាមកំហែងផ្នែកយោធា និងការកើនឡើងគួរឲ្យកត់សម្គាល់នៃការចំណាយផ្នែកយោធារបស់ប្រទេសជិតខាងលោកខាងលិចរបស់យើង បង្ខំឲ្យយើងត្រូវយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះបញ្ហាសមត្ថភាពការពារជាតិរបស់ប្រទេសបេឡារុស រុស្ស៊ី និងសហភាពរបស់យើង»។
លោក Alexander Volfovich ប្រធានក្រុមប្រឹក្សាសន្តិសុខរដ្ឋរបស់បេឡារុស បានប្រាប់អ្នកសារព័ត៌មានថាទីក្រុង Minsk កំពុងស្វែងរកពីរបៀបបំពាក់ប្រព័ន្ធកាំភ្លើងធំ Polonez របស់ខ្លួន ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ។
បេឡារុស មានព្រំប្រទល់ជាប់ប៉ូឡូញ លីទុយអានី និងឡាតវី ដែលសុទ្ធតែជាប្រទេសសមាជិករបស់អង្គការណាតូ នៅភាគខាងលិច និងខាងជើង ខណៈនៅភាគខាងត្បូង មានព្រំប្រទល់ជាប់អ៊ុយក្រែន៕