យោធារបស់អ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២១ សីហា) ថា ខ្លួនបានព្រមានក្រុមមន្ត្រីពេទ្យ និងអង្គការអន្តរជាតិ តាំងតែពីថ្ងៃអង្គារសប្ដាហ៍នេះមក ឱ្យត្រៀមរៀបចំសម្រាប់ការជម្លៀសទ្រង់ទ្រាយធំនៃប្រជាជន ១លាននាក់ ក្នុងទីក្រុងហ្កាហ្សា មុនគម្រោងវាយលុកទ្រង់ទ្រាយធំដើម្បីកាន់កាប់ទីក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីបមួយនេះ បន្ទាប់ពីផែនការដំណាក់កាលទីមួយបានចាប់ផ្ដើមរួចមក។

សេចក្តីថ្លែងការណ៍បន្តថា ក្រុមមន្ត្រីទាំងនោះត្រូវបានប្រាប់ថា "ការកែតម្រូវ" កំពុងធ្វើឡើងទៅកាន់មន្ទីរពេទ្យនៅភាគខាងត្បូងហ្កាហ្សា ដើម្បីទទួលអ្នកជំងឺ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បានច្រានចោល «ជំហានណាមួយដែលនឹងបំផ្លាញអ្វីដែលនៅសេសសល់នៃប្រព័ន្ធសុខាភិបាល»។ ចំណែកអង្គការសហប្រជាជាតិ និងក្រុមជំនួយក៏បានប្តេជ្ញាថា នឹងបន្តជួយអ្នកដែលមិនអាច ឬជ្រើសរើសមិនជម្លៀសពីទីនោះផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបជាមួយមន្ត្រីសន្តិសុខនៅថ្ងៃព្រហស្បតិ៍ ដើម្បីអនុម័តផែនការគ្រប់គ្រងដោយយោធានេះ បើទោះបីជាមានការប្រឆាំងយ៉ាងទូលំទូលាយពីអន្តរជាតិ និងក្នុងស្រុកក៏ដោយ។ យោធាអ៊ីស្រាអែលបានគ្រោងជម្លៀសប្រជាជនទាំងមូលរបស់ទីក្រុងហ្កាហ្សា ហើយបញ្ជូនពួកគេទៅទីជម្រកនៅភាគខាងត្បូង មុនពេលដែលកងទ័ពចល័តចូលទៅទីក្រុងដ៏ធំបំផុតរបស់ទឹកដីហ្កាហ្សានេះ។
អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បានព្រមានកាលពីដើមសប្តាហ៍នេះថា ការវាយលុករបស់អ៊ីស្រាអែល នៅទីក្រុងហ្កាហ្សា នឹងមាន "ផលប៉ះពាល់មនុស្សធម៌ដ៏គួរឱ្យរន្ធត់បំផុត"៕