នគរបាលបាននិយាយថា ការផ្ទុះនៅឃ្លាំងកាំជ្រួចក្នុងទីក្រុង Karachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួសមនុស្សយ៉ាងហោចណាស់៣៤នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ និងបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកស្រុក។

ឃ្លាំងស្តុកកាំជ្រួចនិងហាងមួយចំនួននៅក្បែរនោះ បានឆាបឆេះបន្ទាប់ពីការផ្ទុះ និងបានបន្តផ្ទុះក្នុងទ្រង់ទ្រាយតូចៗជាច្រើនទៀត ដែលបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួនចេញដើម្បីសុវត្ថិភាពនៅតាមដងផ្លូវដ៏មមាញឹកក្នុងទីក្រុងកំពង់ផែមួយនេះ។

បណ្តាញព័ត៌មានក្នុងស្រុកបានបង្ហាញថា ផ្សែងហុយចេញពីអគារច្រើនជាន់ខណៈអ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់អណ្តាតភ្លើង។ ពុំមានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ។ ផលប៉ះពាល់នៃការផ្ទុះមានកម្លាំងខ្លាំងរហូតបំបែកកញ្ចក់ហាងដែលនៅជិតខាងឃ្លាំងកាំជ្រួច។
ទីក្រុង Karachi គឺជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសប៉ាគីស្ថាន ហើយជាទីតាំងលំនៅឋានរបស់ប្រជាជនជាង២០លាននាក់។ មន្ត្រីនគរបាល បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣៤នាក់ដែលបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។