ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នឹងធ្វើកិច្ចសន្ទនាតាមទូរសព្ទរួមគ្នាជាមួយសមភាគីបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា មហាអំណាចអឺរ៉ុបទាំងបី E3 នៅថ្ងៃសុក្រ (២២ សីហា) នេះ ដើម្បីពិភាក្សាពីកិច្ចចរចានុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្មឡើងវិញ។

មហាអំណាចអឺរ៉ុបទាំងបីនេះបានគំរាមថានឹងធ្វើសកម្មភាពដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ក្រោមយន្តការ "ត្រឡប់ទៅស្ថានភាពដើមវិញ" ប្រសិនបើអ៊ីរ៉ង់ មិនព្រមទៅតុចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសទាំងនេះ រួមជាមួយសហរដ្ឋអាមេរិក បានចោទអ៊ីរ៉ង់ ថាកំពុងប្រើកម្មវិធីនុយក្លេអ៊ែរដើម្បីអភិវឌ្ឍសព្វាវុធ ប៉ុន្តែអ៊ីរ៉ង់បដិសេធ។
ទីក្រុងតេអេរ៉ង់ បានផ្អាកការចរចាជាមួយអាមេរិក ក្នុងបំណងទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមិថុនា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ច្បាស់ៗប្រាប់ទូរទស្សន៍ Fox News កាលពីខែកក្កដាថា ទីក្រុងតេអេរ៉ង់ មិនអាចបោះបង់ចោលនូវកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនបានឡើយ។
អ៊ីស្រាអែល និងអាមេរិក និយាយថា អ៊ីរ៉ង់ជិតចម្រាញ់អ៊ុយរ៉ានីញ៉ូមដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរបានហើយ ប៉ុន្តែទីក្រុងតេអេរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែរខ្លួនសម្រាប់បំណងស៊ីវិលតែប៉ុណ្ណោះ៕

