ស្ថានីយ៍អយស្ម័យានរុស្ស៊ីបាននិយាយថា រថភ្លើងផ្លូវឆ្ងាយជាង៧០គ្រឿងបានដំណើរការក្រោយពេលកំណត់ បន្ទាប់ពីយានដ្រូនមួយគ្រឿងបានបង្អាក់ដល់បណ្តាញអគ្គិសនីនៅក្នុងតំបន់Voronezh ។ ស្ថានីយ៍អយស្ម័យានបាននិយាយថា «ដោយសារតែការធ្លាក់យានដ្រូន បានធ្វើឲ្យរំខានដល់ប្រតិបត្តិការបណ្តាញ ក្នុងតំបន់Voronezh កាលពីពេលយប់ ដោយរថភ្លើងផ្លូវឆ្ងាយចំនួន៧១គ្រឿង ត្រូវបានពន្យារពេល»។

រថភ្លើងមួយចំនួនបានប្រឈមនឹងការពន្យារពេលរហូតដល់៥ម៉ោងកន្លះ ខណៈក្រុមជួសជុលបានធ្វើការដើម្បីស្តារសេវាកម្មឡើងវិញ និងកាត់បន្ថយការរំខានដល់អ្នកដំណើរ។ របាយការណ៍មុន បាននិយាយថា សេវារថភ្លើងត្រូវបានផ្អាកនៅក្នុងតំបន់ បន្ទាប់ពីកម្ទេចកម្ទីពីយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។
អភិបាលតំបន់ Voronezh លោក Aleksandr Gusev បាននិយាយថា យ៉ាងហោចណាស់យានដ្រូនចំនួនចំនួន៥គ្រឿងត្រូវបានប្រទះឃើញនិងត្រូវបានបំផ្លាញដោយអង្គភាពការពារដែនអាកាស។ លោកបានបញ្ជាក់ថា ភូមិជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ ហើយរថភ្លើងដឹកអ្នកដំណើរមួយចំនួនត្រូវបានពន្យារពេល ទោះបីជាគ្មានអ្នករងរបួសក៏ដោយ។
