ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃសុក្រ (២២ សីហា) បានសម្ដែងនូវក្ដីរន្ធត់ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃ របស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF នៅក្នុងតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោច ៨៩នាក់ រួមទាំងមនុស្ស ១៦នាក់ស្លាប់ដោយការប្រហារជីវិត ក្នុងរយៈពេលត្រឹម ១០ថ្ងៃ ក្នុងខែសីហា នេះ។
លោក Jeremy Laurence អ្នកនាំពាក្យរបស់ស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប បាននិយាយក្នុងសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវថា ការវាយប្រហារនោះបានកើតឡើងនៅចន្លោះថ្ងៃទី១១-២០ ខែសីហា នៅទីក្រុង el-Fasher និងជំរំជនភៀសខ្លួន Abu Shouk ក្បែរនោះ ហើយចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត។

ក្រុង El-Fasher ដែលជាទីរួមខេត្តនៃខេត្ត North Darfur គឺជាបន្ទាយចុងក្រោយរបស់យោធាប៉ារ៉ា RSF នៅក្នុងតំបន់ Darfur ដ៏ធំទូលាយ។ កងកម្លាំង RSF បានទម្លាក់គ្រាប់បែកលើទីក្រុងនេះអស់ជាងមួយឆ្នាំ ហើយកាលពីខែមុន ខ្លួនបានបិទផ្លូវទាំងស្រុងនៅទីនោះ ដែលមានមនុស្សរាប់សែននាក់រស់នៅ។
កងកម្លាំង RSF នេះក៏វាយប្រហារម្តងហើយម្តងទៀតលើតំបន់ជំរំ Abu Shouk និងជំរំជម្លៀសមួយផ្សេងទៀតឈ្មោះ Zamzam ដែលធ្លាប់ជាទីជម្រកដ៏ធំបំផុតរបស់ស៊ូដង់ មានមនុស្សជាង ៥សែននាក់ស្នាក់នៅ។ ជម្លោះរវាងកងទ័ពស៊ូដង់ និងយោប៉ារ៉ា ដែលផ្ទុះឡើងតាំងតែពីខែមេសា ឆ្នាំ២០២៣ បានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ បង្ខំឱ្យមនុស្សជាង ១៤លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង និងបន្សល់ទុកនូវភាពអស់សង្ឃឹមដល់ក្រុមគ្រួសារក្នុងការស់រានមានជីវិត ខណៈគ្រោះទុរ្ភិក្សបានលេបត្របាក់ផ្នែកខ្លះនៃប្រទេសស៊ូដង់៕

