ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ (២២ សីហា) បានព្រមានប្រទេសបេឡារុស ប្រឆាំងនឹងការបង្កហេតុណាមួយ ក្នុងអំឡុងសមយុទ្ធយោធារួមគ្នាឈ្មោះថា "Zapad" របស់បេឡារុស និងរុស្ស៊ី ក្នុងខែកញ្ញា ខាងមុខនេះ ហើយបានអំពាវនាវឱ្យដៃគូអឺរ៉ុបរក្សាការប្រុងប្រយ័ត្ន។
ក្រសួងអ៊ុយក្រែន បាននិយាយលើបណ្ដាញសង្គម X ថា៖ «ការបង្កើនកងទ័ពរុស្ស៊ី តាមព្រំដែនអ៊ុយក្រែន ក្នុងឆ្នាំ២០២១-២០២២ បានធ្វើឡើងក្រោមរូបភាពនៃសមយុទ្ធយោធារួមគ្នាបែបនេះរបស់រុស្ស៊ី និងបេឡារុស ឈ្មោះ 'Zapad-2021'។ អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុណាមួយ ដែលមិនប្រុងប្រយ័ត្ន»។

ក្រសួងនេះជំរុញឱ្យអាជ្ញាធរបេឡារុស "រក្សាការប្រុងប្រយ័ត្ន កុំចូលទៅជិតព្រំដែន និងកុំបង្ករឿង" ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានច្រានចោលនូវគំនិតដែលថាប្រទេសលោកនឹងប្រើសមយុទ្ធនេះដើម្បីវាយប្រហារអ៊ុយក្រែន ថាជារឿង "មិនសមហេតុសមផលទាល់តែសោះ"។
សមយុទ្ធដែលគ្រោងទុក ឈ្មោះថា "Zapad-2025" ឬ West-2025 នេះ បានធ្វើឱ្យមានក្ដីបារម្ភខ្លាំងលើបញ្ហាសន្តិសុខ នៅប្រទេសជិតខាង ប៉ូឡូញ លីទុយអានី និងឡាតវី។ រដ្ឋមន្ត្រីការពារជាតិបេឡារុស និយាយថា ការហ្វឹកហ្វឺនយោធានេះនឹងរួមបញ្ចូលសមយុទ្ធប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលគ្រោងទុក និងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik រយៈចម្ងាយមធ្យម ដែលផលិតដោយរុស្ស៊ី៕

