អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិបានបង្កើតយុទ្ធនាការថ្មីមួយ ដែលមានឈ្មោះថា Only Together ដើម្បីជួយគាំទ្រដល់ការអំពាវនាវឲ្យមានការស្មើភាពគ្នា និងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយសមធម៌ និងស្មើភាពនៅជុំវិញពិភពលោក។

យុទ្ធនាការនេះផ្ដោតសំខាន់ទៅលើភាពចាំបាច់ សម្រាប់សកម្មភាពសកលដែលត្រូវសម្របសម្រួលដើម្បីធានាថា វ៉ាក់សាំងនានាអាចដំណើរការបាន នៅក្នុងប្រទេសទាំងអស់ដោយចាប់ផ្ដើមពីបុគ្គលិកសុខាភិបាល និងបុគ្គលដែលងាយរងគ្រោះបំផុត។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូ ស្ដីពីការបង្កើតយុទ្ធនការនេះថា យុទ្ធនាការ Only together អាចជួយយើងក្នុងការការពារបុគ្គលិកសុខាភិបាល និងមនុស្សងាយរងគ្រោះបំផុតក្នុងពិភពលោក។ លោកបានបន្ថែមថា ពេលនេះយើងមានឧបករណ៍ ដើម្បីបញ្ឈប់ការឆ្លងរាលដាលជំងឺ COVID-19 ហើយ។ ប៉ុន្តែលោកបានព្រមានថា ទោះបីយ៉ាងណាមកទល់ពេលនេះ មានប្រទេសអ្នកមានមួយចំនួនតូចប៉ុណ្ណោះ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងបានច្រើន៕
អត្ថបទ៖ សុខមាន