ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ដែនដីប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២៤ សីហា) ថា តំបន់ហ្កាហ្សាស្ទ្រីប មិនអាចគាំទ្រដល់ការជម្លៀសជនស៊ីវិលទ្រង់ទ្រាយធំជុំថ្មីបន្ថែមទៀតបានទេ ដោយសារតែសមត្ថភាពទីជម្រករបស់ដែនដីនេះបានដួលរលំបាត់ទៅហើយ។

យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រជាជនប៉ាឡេស្ទីនជាង ២,៤លាននាក់ កំពុងប្រឈមមុខនឹងទុក្ខវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ខណៈអ៊ីស្រាអែល គំរាមបើកការវាយលុកដ៏ធំថ្មីលើទីក្រុងហ្កាហ្សា ដើម្បីចូលកាន់កាប់ក្រុងភាគខាងជើងរបស់ដែនដីនេះ ដែលមានប្រជាជនកំពុងរស់នៅប្រមាណជាង ១លាននាក់។
សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា ចាប់តាំងពីអ៊ីស្រាអែល ប្រកាសអនុញ្ញាតឱ្យនាំចូលគ្រឿងផ្គត់ផ្គង់លំនៅឋាន ដូចជាតង់ជាដើម ចូលទៅក្នុងតំបន់ហ្កាហ្សាមក មានតែប្រហែលសម្ភារៈទីជម្រក ១ម៉ឺនសម្រាប់ដែលត្រូវបានចែកចាយ ពោលគឺស្មើនឹងប្រហែល ៤% ប៉ុណ្ណោះនៃតង់ចំនួន ២៥ម៉ឺនសម្រាប់ ដែលត្រូវការចាំបាច់សម្រាប់ជនស៊ីវិលភៀសខ្លួន។
សេចក្ដីរាយការណ៍បន្ថែមថា បច្ចុប្បន្ននេះ ការរឹតបន្តឹងរបស់អ៊ីស្រាអែល លើអង្គការអន្តរជាតិ បាននាំឱ្យតំបន់ហ្កាហ្សាស្ទ្រីប ជួបប្រទះកង្វះខាតតង់ ឬការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យជនភៀសខ្លួនរាប់សែននាក់ ធ្លាក់ខ្លួនចូលទៅក្នុងភាពលំបាកកាន់តែវេទនាខ្លាំងឡើង៕

