ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយសម្រាប់កិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ។

យោងតាមសារព័ត៌មានរុស្ស៊ី Vesti 1 ដោយដកស្រង់សម្តីអ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំង លោក Pavel Zarubin បានឲ្យដឹងថាលោក Putin ក៏ត្រូវបានគេរាយការណ៍ផងដែរថានឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលនឹងរួមបញ្ចូលកិច្ចពិភាក្សាទ្រង់ទ្រាយធំ រវាងគណៈប្រតិភូកាន់តែទូលំទូលាយ ។

ដំណើរនេះនឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់បរទេសដ៏យូរបំផុតរបស់មេដឹកនាំរុស្ស៊ី រូបនេះ គិតចាប់តាំងពីឆ្នាំ ២០១៤ មក។
សារព័ត៌មានដដែលពុំបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែកិច្ចប្រជុំកំពូល SCO រយៈពេលពីរថ្ងៃ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែសីហា។
លើសពីនេះ ទីក្រុងប៉េកាំង នឹងរៀបចំព្រឹត្តិការណ៍រំលឹកខួបដ៏សំខាន់នៅថ្ងៃទី ៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី ៨០ឆ្នាំ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។
លោក Putin បានទទួលយកការអញ្ជើញដោយផ្ទាល់ពីលោក Xi ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបនេះ នៅពេលដែលមេដឹកនាំចិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូសម្រាប់ការប្រារព្ធទិវាជ័យជម្នះកាលពីខែឧសភា៕