មេដឹកនាំពិភពលោកបានផ្ញើសារគាំទ្រដល់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យខណៈប្រទេសនេះប្រារព្ធទិវាឯករាជ្យជាខួបលើកទី៣៤របស់អ៊ុយក្រែនប្រកាសឯករាជ្យពីសហភាពសូវៀត។ ប្រធានាធិបតី លោក Volodymyr Zelenskiy បានប្រារព្ធទិវាឯករាជ្យរបស់អ៊ុយក្រែនដោយថ្លែងសុន្ទរកថាតាមវីដេអូមួយកោតសរសើរភាពក្លាហានរបស់ប្រជាជនលោកក្នុងពេលមានសង្រ្គាម។

ថ្លែងនៅក្នុងសារវីដេអូដែលថតនៅទីលាន Maidan ទីក្រុងគីវភាគកណ្តាល លោកZelenskiy បាននិយាយថា ដៃគូរបស់អ៊ុយក្រែនបានទទួលស្គាល់ប្រទេសរបស់លោកថាជា «សម្ព័ន្ធមិត្តរឹងមាំ» នៅអឺរ៉ុប និងហួសពីនេះ។ លោកបាននិយាយបន្ថែមថា អ៊ុយក្រែននឹងទទួលបានសន្តិភាពតាមរយៈការធានាសន្តិសុខ«រឹងមាំ»។ ជាមួយគ្នានេះ ប៉ម Eiffel Tower ត្រូវបានបំភ្លឺដោយភ្លើងពណ៌ខៀវនិងពណ៌លឿង ជាពណ៌ទង់ជាតិរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហា ខណៈប្រទេសនេះប្រារព្ធទិវាឯករាជ្យ ជាខួបលើកទី៣៤របស់អ៊ុយក្រែនដែលប្រកាសឯករាជ្យពីសហភាពសូវៀត។

អ្នកឈរមើល ដែលដណ្តប់ទង់ជាតិអ៊ុយក្រែន បានច្រៀងនិងថតរូបប៉ម Eiffel ខណៈវាបានភ្លឺចិញ្ចាចនៅទីក្រុងប៉ារីស រដ្ឋធានីរបស់ប្រទេសបារាំង។ អ៊ុយក្រែន បានទទួលសារគាំទ្រសម្រាប់ឱកាសនេះពីជុំវិញពិភពលោក រួមមានពីប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ព្រមទាំងព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេស និងប្រធានាធិបតីចិន លោក Xi Jinping ។ កាលពីថ្ងៃអាទិត្យ មនុស្សរាប់រយនាក់បានដើរដង្ហែក្នុងទីក្រុងប៉ារីស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិអ៊ុយក្រែន ដោយអំពាវនាវឱ្យប្រទេសនេះរក្សាស្វ័យភាពរបស់ខ្លួនពីប្រទេសរុស្ស៊ី ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
បីឆ្នាំកន្លះចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសន្តិភាព ហើយអ៊ុយក្រែនកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនដើម្បីធ្វើសេចក្តីព្រាងក្របខ័ណ្ឌដ៏មានសក្តានុពលសម្រាប់ការធានាបានសន្តិសុខក្រោយសង្គ្រាមសម្រាប់ទីក្រុងគីវ ដែលលោក Trump ក៏បានបើកចំហ។