ការស្ទង់មតិសាធារណៈរបស់កាសែត Yomiuri បានបង្ហាញនៅថ្ងៃចន្ទ (២៥ សីហា) នេះថា ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានកើនឡើងជិត ២០% បើទោះបីជាក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាកាលពីខែកក្កដា កន្លងទៅក៏ដោយ។

អត្រាគាំទ្រគណៈរដ្ឋមន្ត្រីរបស់លោក Ishiba មាន ៣៩% ដែលជាកំណើន ១៧% ពីការស្ទង់មតិកាលពីខែមុន ដែលបានធ្វើឡើងភ្លាមៗបន្ទាប់ពីការបោះឆ្នោតសភាជាន់ខ្ពស់។ ជាមួយគ្នានេះ អត្រាមិនគាំទ្រក៏បានធ្លាក់ចុះដល់ ៥០% ផងដែរ ពីអត្រា ៦៧% នៅខែកក្កដា។
សារព័ត៌មាន Yomiuri និយាយថា អត្រាគាំទ្រសាធារណៈសម្រាប់នាយករដ្ឋមន្ត្រីរូបនេះ ទំនងជាហក់ឡើងដោយសារតែកត្តាមួយចំនួន ដូចជាជប៉ុនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការប្រកាសរបស់រដ្ឋាភិបាលក្នុងការបង្កើនផលិតកម្មអង្ករដើម្បីទប់ទល់នឹងការឡើងថ្លៃយ៉ាងគំហុកជាដើម។

លោក Ishiba បានប្តេជ្ញាបន្តនៅក្នុងមុខតំណែង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោត ដោយតតាំងនឹងការទាមទាររបស់សមាជិកសភាមួយចំនួននៃគណបក្សប្រជាធិបតេយ្យសេរីរបស់លោកផ្ទាល់ ឱ្យលាលែងពីតំណែងដើម្បីទទួលខុសត្រូវក្នុងការចាញ់ឆ្នោតនោះ៕