អាជ្ញាធរ បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសនីហ្សេរីយ៉ា បានជួយសង្គ្រោះជនរងគ្រោះពីការចាប់ពង្រត់ចំនួន ៧៦នាក់ ក្នុងនោះមានស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ជាក់លាក់មួយ ទៅលើបន្ទាយក្រុមចោរព្រៃមួយកន្លែង នៅភាគពាយព្យនៃរដ្ឋKatsina។

ប្រតិបត្តិការនេះ បានកំណត់គោលដៅលើភ្នំ Pauwa ក្នុងតំបន់ Kankara គ្រប់គ្រងដោយរដ្ឋាភិបាលក្នុងតំបន់ គឺជាផ្នែកមួយនៃការតាមប្រមាញ់មេដឹកនាំក្រុមជនអន្ធពាលម្នាក់ឈ្មោះ Babaro ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារវិហារស្លាមមួយ កាលពីសប្តាហ៍មុន នៅទីក្រុង Malumfashi ភាគពាយព្យប្រទេសនីហ្សេរីយ៉ា។

ក្រសួងសន្តិសុខផ្ទៃក្នុងរបស់រដ្ឋនេះ បាននិយាយថា កុមារម្នាក់ បានស្លាប់ក្នុងអំឡុងពេលជួយសង្គ្រោះ ប៉ុន្តែពុំច្បាស់ថាតើមានអ្នកស្លាប់បាត់បង់ជីវិតផ្សេងទៀត ក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានចាប់ពង្រត់ ឬសមាជិករបស់ក្រុមជនអន្ធពាលនោះទេ។
កងទ័ពអាកាស មិនបានឆ្លើយតបភ្លាមៗចំពោះការហៅទូរស័ព្ទ និងសារ ដើម្បីស្វែងរកការអត្ថាធិប្បាយទេ។
ការវាយប្រហារតាមអាកាសនេះ អាចបង្ហាញពីការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរុះរើបណ្តាញឧក្រិដ្ឋជននៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ជាទីដែលក្រុមជនអន្ធពាលប្រដាប់អាវុធ បានធ្វើការគំរាមកំហែងដល់សហគមន៍ជនបទ អស់រយៈពេលជាច្រើនឆ្នាំហើយនោះ។