ទូរទស្សន៍ Al Hadath បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដែលបានផ្ទុះឡើងនៅភាគខាងលិចនៃរដ្ឋធានីលីប៊ី។
យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅជាយក្រុងទ្រីប៉ូលី បានចាប់ផ្តើម បន្ទាប់ពីការប៉ុនប៉ងដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម ដើម្បីធ្វើឃាតមេបញ្ជាការកងពលតូចលេខ ៥៥ លោក Muammar al-Dawi ដែលស្មោះត្រង់នឹងរដ្ឋាភិបាលរួបរួមជាតិលីប៊ី។ ទូរទស្សន៍ក៏បានបញ្ជាក់ថា លោក al-Dawi មិនមានរងរបួសអ្វីទេ។
កងពលតូចលេខ ៥៥ ប្រតិបត្តិការនៅជាយក្រុងភាគខាងលិចនៃទីក្រុងទ្រីប៉ូលី រួមទាំងនៅទីក្រុង Az Zawiyat ដែលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ ពីរដ្ឋធានីនេះ។ មេបញ្ជាការរបស់លោក គឺជាមេដឹកនាំយោធាដ៏មានឥទ្ធិពលម្នាក់ នៅភាគខាងលិចប្រទេសលីប៊ី។ ពុំទាន់មានក្រុមប្រដាប់អាវុធណាមួយ បានអះអាងទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតលើលោក al-Dawi នៅឡើយទេ។
កាលពីចុងខែកក្កដា មេដឹកនាំក្រុមខាងលិចដ៏ខ្លាំងមួយរូបទៀត គឺលោក Ramzi al-Lafaa ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា ក្នុងក្រុងទ្រីប៉ូលី។ យោងទៅតាមទូរទស្សន៍ Al Hadath លោក al-Dawi ត្រូវបានស្តីបន្ទោស ចំពោះការសម្លាប់របស់ Ramzi al-Lafaa ។
បន្ទាប់ពីការផ្ដួលរំលំ និងធ្វើឃាតមេដឹកនាំប្រទេស លោក Muammar Gaddafi ក្នុងឆ្នាំ ២០១១ ប្រទេសលីប៊ី បានឈប់ដំណើរការជារដ្ឋតែមួយទៀតហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរនៅទីក្រុងទ្រីប៉ូលី នៅភាគខាងលិចនៃប្រទេសនេះ និងអាជ្ញាធរនៅភាគខាងកើត ដែលត្រូវបានគាំទ្រដោយកងទ័ពជាតិលីប៊ី។