លីបង់៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយបានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យជួយផ្តល់មូលនិធិប្រាក់រាប់លានដុល្លារ ដើម្បីជួយធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងប្រទេសលីបង់ដែលរងគ្រោះដោយវិបត្តិ។

ទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA កំពុងស្នើសុំបន្ថែមថវិកាចំនួន ៨៧.៥លានដុល្លារអាមេរិកដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់ជនភៀសខ្លួនប៉ាឡេស្ទីន សម្រាប់ពលរដ្ឋក្រីក្រក្នុងការចំណាយលើមន្ទីរពេទ្យ ក៏ដូចជាមធ្យោបាយធ្វើដំណើរសម្រាប់កុមារ ដើម្បីឱ្យពួកគេអាចទៅសាលារៀនបាន។ ទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និយាយថា ជនភៀសខ្លួនប៉ាឡេស្ទីនជាង ២១០,០០០នាក់ស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត ហើយទំនិញប្រើប្រាស់ជាមូលដ្ឋានមួយចំនួនមិនអាចរកបានសម្រាប់ពលរដ្ឋជាច្រើន ខណៈប្រទេសលីបង់ធ្លាក់ចូលទៅក្នុងការដួលរលំសេដ្ឋកិច្ចកាន់តែខ្លាំង។ ទីភ្នាក់ងារនិយាយថា ជនភៀសខ្លួនប៉ាឡេស្ទីនជាង ៥៨% នៅទីនេះបានកាត់បន្ថយចំនួនអាហារដែលពួកគេបរិភោគជារៀងរាល់ថ្ងៃ។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិរបស់ប្រទេសលីបង់លោក Najat Rochdi បាននិយាយថា ភាពតានតឹងកំពុងកើនឡើង ខណៈក្រុមគ្រួសារជាច្រើនបង្កើនសម្ពាធលើទីភ្នាក់ងារ ដើម្បីឲ្យផ្តល់សេវាទៀងទាត់ព្រមទាំងបង្កើនជំនួយសង្គ្រោះ ក្នុងពេលមានការធ្លាក់ថ្លៃខ្លាំងនៃប្រាក់ផោនប្រទេសលីបង់។ វិបត្តិរបស់ប្រទេសលីបង់បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០១៩ ដែលមានឫសគល់ពីអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ ដែលបានធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់គ្មានការងារធ្វើ ហើយជិត ៨០% នៃចំនួនប្រជាជនរបស់ប្រទេសជិត ៧លាននាក់រួមទាំងជនភៀសខ្លួនប្រទេសស៊ីរី និងប៉ាឡេស្ទីនប្រមាណ ១.៥លាននាក់រស់នៅក្នុងភាពក្រីក្រ៕
អត្ថបទ៖ ប៊ុនថន