មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser នៅក្នុងតំបន់ហ្កាហ្សា នាថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ បានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ ក្នុងនោះមានរួមទាំងអ្នកសារព័ត៌មាន ៤នាក់ផងដែរ ដែលម្នាក់ក្នុងចំណោមនោះធ្វើការឲ្យទីភ្នាក់ងារសារព័ត៌ Reuters។
យោងតាមមន្ត្រីបានឲ្យដឹងថា អ្នកកាន់កាមេរ៉ាឈ្មោះ Hussam al-Masri ដែលជាអ្នកធ្វើការឲ្យសារព័ត៌មាន Reuters ក្នុងនាមជាបុគ្គលិកឯករាជ្យ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដំបូង។ មន្ត្រីបានឲ្យដឹងបន្ថែមថា អ្នកថតរូបឈ្មោះ Hatem Khaled ដែលជាបុគ្គលិលឯករាជ្យរបស់សារព័ត៌មាន Reuters មា្នក់ទៀត បានរងរបួសនៅក្នុងវាយប្រហារលើកទី២។

ទាំងយោធា និងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ទាក់ទងនឹងការវាយប្រហារ។ សាក្សីបានប្រាប់ថា ការវាយប្រហារលើកទី២ បានកើតមានឡើង បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ អ្នកសារព័ត៌មាន និងមនុស្សផ្សេងទៀត បានប្រញាប់ប្រញាល់ទៅកាន់កន្លែងវាយប្រហារដំបូង។
ខ្សែវីដេអូពីទីភ្នាក់ងារ Reuters បានបង្ហាញថា វីដេអូផ្សាយផ្ទាល់របស់ទីភ្នាក់ងារព័ត៌មាន Reuters ពីមន្ទីរពេទ្យ ដែលដំណើរការថតដោយលោក Masri ស្រាប់តែដាច់ភ្លាមៗ នៅពេលមានការវាយប្រហារដំបូង។
មន្ត្រីសុខាភិបាល នៅតំបន់ហ្កាហ្សា បានដាក់ឈ្មោះអ្នកសារព័ត៌មាន ៣នាក់ទៀតថា Mariam Abu Dagga, Mohammed Salama និង Moaz Abu Taha។ បុគ្គលិកសង្គ្រោះម្នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ៕


