ការិយាល័យរបស់លោក Francois Bayrou បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបារាំង នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ ខណៈដែលលោកព្យាយាមជំរុញឲ្យមានការគាំទ្រដល់កញ្ចប់ថវិការបស់រដ្ឋាភិបាលលោក ដែលមានបំណងកាត់បន្ថយការចំណាយសាធារណៈជាង ៤០ពាន់លានអឺរ៉ូ (៤៧ពាន់លានដុល្លារ) ។
លោក Bayrou ត្រូវបានដកស្រង់សម្ដី ដែលបាននិយាយជាមួយសារព័ត៌មាន La Tribune Dimanche កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំចង់រៀបចំនូវអ្វីៗជាថ្មីម្តងទៀតឲ្យបានច្បាស់លាស់ ហើយផ្ញើសារពីការប្រមូលផ្ដុំ និងការទទួលខុសត្រូវ»។

ការលើកឡើងរបស់លោក Bayrou នឹងកើតឡើងនៅមុនខែកញ្ញា ជាពេលដែលអាចមានភាពចលាចល។ ក្រុមអ្នកបើកតាក់ស៊ីត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបាតុកម្មរបស់ពួកគេឡើងវិញ នៅថ្ងៃទី៥ ខែកញ្ញា ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការសើរើការបង់ប្រាក់ សម្រាប់ការដឹកមនុស្សទៅមន្ទីរពេទ្យ។
ហើយនៅថ្ងៃទី១០ ខែកញ្ញា គណបក្សឆ្វេងនិយម និងសហជីពមួយចំនួន បានចូលរួមអំពាវនាវឲ្យមានការតវ៉ាទូទៅ ដែលបាននាំឲ្យមានការប្រៀបធៀបទៅនឹងការតវ៉ាអាវកាក់ពណ៌លឿង (Yellow Vest) ដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៨ ជុំវិញការឡើងថ្លៃប្រេងឥន្ធនៈ និងការចំណាយក្នុងការរស់នៅខ្ពស់។ ការតវ៉ាអាវកាក់ពណ៌លឿងនេះ បានរីករាលដាលទៅជាចលនាកាន់តែធំ ប្រឆាំងនឹងប្រធានាធិបតី លោក Emmanuel Macron និងកិច្ចប្រឹងប្រែងរបស់លោក នៅក្នុងកំណែទម្រង់សេដ្ឋកិច្ច។
លោក Bayrou បានស្នើឲ្យលុបចោលថ្ងៃឈប់សម្រាកសាធារណៈចំនួន២ ហើយបន្តរក្សាការចំណាយផ្នែកសុខុមាលភាព និងប្រភេទបង់ពន្ធផ្សេងៗនៅឆ្នាំ២០២៦ ដូចនឹងកម្រិតឆ្នាំ២០២៥ ដោយមិនកែតម្រូវឲ្យស្របនឹងអតិផរណានោះឡើយ។ តែលោកមានគម្រោងបង្កើនការចំណាយលើវិស័យការពារជាតិ៕
