លោក Muhammad Yunus គឺជាប្រមុខរដ្ឋាភិបាលបង់ក្លាដែសចាំផ្ទះ និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកលែងមានធនធានទៀតហើយសម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ១,៣លាននាក់ នៅក្នុងប្រទេសមួយនេះ ដោយលោកជំរុញឲ្យសហគមន៍អន្តរជាតិ ស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិមួយនេះ ។
កុមារស្មើនឹងពាក់កណ្តាលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១,៣លាននាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបង់ក្លាដែស ដោយភាគច្រើននៃពួកគេ បានរត់ភៀសខ្លួនចេញពីវិធានការបោសសម្អាតយ៉ាងឃោឃៅរបស់យោធាមីយ៉ាន់ម៉ានៅតំបន់ភាគច្រើនជាពុទ្ធសាសនិកកាលពីឆ្នាំ ២០១៧ ដែលក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ(UN)ចាត់ទុកថា ជាគំរូនៃការបោសសម្អាតជនជាតិភាគតិច ។
លោក Yunus ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព និងជានាយករដ្ឋមន្រ្តីតាមព្រឹទ្ធន័យរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ និយាយថា ការទទួលជនភៀសខ្លួន បានបង្កការលំបាក និងសម្ពាធខ្លាំងលើបង់ក្លាដែស ទាំងវិស័យសេដ្ឋកិច្ច និងបរិស្ថាន រហូតដល់អភិបាលកិច្ច ។
លោក Yunus និយាយនៅក្នុងសុន្ទរកថា ពួកយើងពុំមើលឃើញវិសាលភាពណាមួយសម្រាប់ប្រមែលប្រមូលធនធានបន្ថែមទៀតនោះទេពីប្រភពក្នុងស្រុក ធ្វើឲ្យពួកយើងជួបការលំបាកជាច្រើន ។
លោកអំពាវនាវសូមឲ្យសហគមន៍អន្តរជាតិ ពង្រាងផែនទីផ្លូវជាក់ស្តែងឲ្យពួកគេវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។ បញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងដំណោះស្រាយប្រកបដោយនិរន្តរភាព ត្រូវតែមាននៅលើរបៀបវារៈសកលលោក ស្របពេលដែលពួកគេត្រូវការការគាំទ្ររហូតដល់ពួកគេវិលត្រឡប់ទៅផ្ទះវិញ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Yunus បានក្លាយជាការប្រារព្ធខួបលើកទី ៨ ចាប់តាំងពីជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០ម៉ឺននាក់ ធ្វើដំណើរមកដល់បង់ក្លាដែសត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ធ្វើឲ្យទីក្រុងតំបន់ឆ្នេរភាគអាគ្នេយ៍ Cox's Bazar ក្លាយជាការតាំងលំនៅរបស់ជនភៀសខ្លួនធំបំផុតរបស់ពិភពលោក ៕