វិមានក្រឹមឡាំងបានរាយការណ៍ថា ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានពន្យល់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក Masoud Pezeshkian អំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ ដែលធ្វើឡើងនៅទីក្រុង Anchorage របស់រដ្ឋ Alaska។
ហើយប្រធានាធិបតីអ៊ីរ៉ង់ បានសម្តែងការគាំទ្រ ចំពោះការបន្តកិច្ចប្រឹងប្រែងការទូត ដែលមានគោលបំណងដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។
ជាមួយគ្នានេះ ប្រធានាធិបតីទាំង ២រូប ក៏បានពិភាក្សា អំពីបញ្ហាសំខាន់ៗមួយចំនួន ក្នុងរបៀបវារៈទ្វេភាគី ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការដឹកជញ្ជូនផងដែរ។
លើសពីនោះទៀត ពួកលោកក៏បានជជែកអំពីស្ថានភាព ជុំវិញកម្មវិធីនុយក្លេអែរ និងការអភិវឌ្ឍរបស់អ៊ីរ៉ង់ នៅក្នុងតំបន់កូកាសខាងត្បូង។
ទាំងលោក Putin និងលោក Pezeshkian បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរុស្ស៊ី-អ៊ីរ៉ង់ លើវិស័យផ្សេងៗ ហើយបានយល់ព្រមជួបប្រជុំគ្នា នៅឯកិច្ចប្រជុំកំពូល SCO (អង្គការសហប្រតិបត្តិការសៀងហៃ) ក្នុងប្រទេសចិន នាពេលខាងមុខ៕