បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លោក Keith Kellogg បាននិយាយក្នុងទីក្រុង Kyiv កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមមន្ត្រីកំពុងធ្វើការយ៉ាងលំបាកបំផុត លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាងបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈកង្វះវឌ្ឍនភាពជំរុញឱ្យមានការសង្ស័យថាតើ ដំណោះស្រាយសន្តិភាពអាចនឹងកើតឡើងឬអត់។

លោក Kellogg បាននិយាយថា ក្រុមមន្ត្រី សង្ឃឹមថានឹងឈានដល់ចំណុចមួយ ប្រសើរជាងពេលនេះ ស្របពេលមានការទាមទារការធានាសុវត្ថិភាពកាន់តែប្រសើរ ដែលដោះស្រាយការព្រួយបារម្ភរបស់អ៊ុយក្រែនចំពោះការឈ្លានពានមួយផ្សេងទៀតដោយរុស្ស៊ីនាពេលអនាគត។
លោក Kellogg បាននិយាយអំពីការធានាសន្តិសុខដ៏មានសំខាន់ បន្ទាប់ពីបានចូលរួមអាហារពេលព្រឹកជាមួយក្រុមអ្នកនយោបាយ មេដឹកនាំធុរកិច្ច និងអ្នកការទូត អ៊ុយក្រែន ថា នោះជាការងារដែលកំពុងដំណើរការ ។
កាលពីមួយសប្តាហ៍មុន លោក Trump បាននិយាយថា លោកបានរៀបចំពេលវេលាមួយសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Zelenskyy ។ ប៉ុន្តែមន្ត្រីរុស្ស៊ីបានបង្ហើបថា ជំនួបកំពូលបែបនេះនឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោករំពឹងថានឹងសម្រេចចិត្តលើជំហានបន្ទាប់ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើកិច្ចពិភាក្សាដោយផ្ទាល់មិនត្រូវបានគ្រោងទុកនោះទេ៕

