ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា សង្រ្គាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្រ្ទីប អាចនឹងបញ្ចប់ក្នុងពេល ពីរទៅបីសប្ដាហ៍ខាងមុខនេះ ខណៈកំហឹងអន្តរជាតិកើនឡើងកាន់តែខ្លាំង ជុំវិញសកម្មភាពដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលដូចជា ការសម្លាប់ជនស៊ីវិលប្រចាំថ្ងៃ ការសម្លាប់អ្នកកាសែត និងគ្រូពេទ្យ និងគ្រោះទុរ្ភិក្សហ្កាហ្សា រួមទាំងការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ប៉ាឡេស្ទីនមួយនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ (២៥ សីហា) ថា "លោកគិតថាក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខនេះ អាចនឹងមានការបញ្ចប់ដ៏ល្អមួយ ជាការបញ្ចប់យ៉ាងដាច់ណាត់មួយ"។
ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានសន្យាថានឹងបញ្ចប់សង្គ្រាមហ្កាហ្សា ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោក ហាក់មិនទាន់បានក្លាយទៅជាបទឈប់បាញ់ ឬសូម្បីតែលំហូរសេរីនៃជំនួយមនុស្សធម៌នៅឡើយដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងទុក្ខវេទនានៅក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល។
នៅថ្ងៃចន្ទដដែលនេះ លោក Trump ហាក់ដូចជាមិនបានដឹងអំពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០នាក់ រួមទាំងអ្នកកាសែតជាច្រើននាក់ នៅឯមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សានោះទេ។ នៅពេលត្រូវអ្នកកាសែតសាកសួរលើហេតុការណ៍នេះ លោក Trump បានឆ្លើយថា៖ «លោកមិនសប្បាយចិត្តនឹងរឿងនេះទេ លោកក៏មិនចង់ឃើញហេតុការណ៍បែបនេះដែរ» ដោយសង្កត់ធ្ងន់ថា សុបិនអាក្រក់បែបនេះត្រូវតែបញ្ចប់ទាំងស្រុង៕

