ប្រជាជននៅក្នុងរដ្ឋ អ៊ុតតារ៉ាខាន់(Uttarakhand) ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា បានទាមទារសំណងពីរដ្ឋាភិបាលសម្រាប់ការបាត់បង់បណ្តាលមកពីព្យុះភ្លៀង។ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានបំណាក់ដីល្បប់បានវាយប្រហារនៅក្រុង Tharali នៃស្រុក Chamoli។

ផ្ទាំងថ្មធំៗ ដែលនាំមកដោយបំណាក់ដីល្បប់បានបំផ្លាញហាងលក់ទំនិញមួយចំនួនក្នុងផ្សារនៅក្នុងតំបន់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ រដ្ឋ Uttarakhand ងាយនឹងមានគ្រោះទឹកជំនន់ និងបំណាក់ដី ដែលអ្នកជំនាញមួយចំនួនបានបន្ទោសលើបម្រែបម្រួលអាកាសធាតុ។
ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាបានជូនដំណឹងដល់ប្រទេសប៉ាគីស្ថាន អំពីទឹកជំនន់ឆ្លងព្រំដែនដែលអាចកើតមាន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ ជាអ្វីដែលបានកត់សម្គាល់ពីទំនាក់ទំនងផ្លូវការលើកដំបូងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនខែមកនេះ។
