នៅថ្ងៃអង្គារនេះ អ្នកស្រុកនៅខេត្ត Nghe An ប្រទេសវៀតណាម បានព្យាយាមស្រោចស្រង់ទ្រព្យសម្បត្តិពីទឹកជំនន់ ក្រោយព្យុះទីហ្វុង Kajiki បំផ្លិចបំផ្លាញទីក្រុងទេសចរណ៍របស់ពួកគេ បណ្តាលឲ្យដើមឈើបាក់រលំ និងធ្វើឲ្យខូចខាតអគារ និងផ្ទះសម្បែងរបស់ពួកគេ ។
អ្នកស្រី Vo Thi Thuan គឺជាអ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុង Cua Lo ស្ថិតក្នុងខេត្ត Nghe An និយាយថា ប្រាក់ចំណូលរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញដោយសារព្យុះមួយនេះ ខណៈពេលដែលអ្នកស្រីឈរនៅក្នុងភោជនីយដ្ឋានរងការខូចខាតរបស់គាត់ ។

ចំណែកឯក្រុមម្ចាស់ហាង នាំគ្នាដើរស្វែងរកឧបករណ៍ប្រើប្រាស់ និងរបស់របរក្នុងផ្ទះ ក្រោយដំបូលអគាររបស់ពួកគេត្រូវបានខ្យល់បក់យកទៅ ដោយសារព្យុះ ។
ពលរដ្ឋផ្សេងទៀត បាននាំគ្នាបោសសម្អាតកម្ទេចកម្ទី និងមែកឈើចេញពីដងផ្លូវរងការជន់លិច ។
ក្រុមអាជ្ញាធរនិយាយនៅថ្ងៃអង្គារនេះថា ព្យុះទីហ្វុង Kajiki បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោច ៣នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួសនៅក្នុងប្រទេសវៀតណាម ហើយពួកគេបានព្រមានថា ភ្លៀងធ្លាក់ខ្លាំង អាចបណ្តាលឲ្យកើតមានទឹកជំនន់ និងបំណាក់ដី ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ព្យុះទីហ្វុង Kajiki បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជិត ៧ពាន់ខ្នង ជនលិចវាលស្រី ២៨.៨០០ហិចតា និងបោកបក់រំលើងដើមឈើ ១៨.០០០ដើម ។ វាបោកបក់រំលំបង្គោលភ្លើង ៣៣១ដើមផងដែរ បណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និងខេត្ត Phu Tho ៕
