ក្រុមមន្រ្តីនិយាយនៅថ្ងៃអង្គារនេះថា ប៉ាគីស្ថាន បានជម្លៀសខ្លួនមនុស្សរាប់ម៉ឺននាក់ ទៅកាន់តំបន់សុវត្ថិភាព ក្រោយប្រទេសជិតខាងឥណ្ឌា បញ្ចេញទឹកពីទំនប់ និងទន្លេទឹកឡើង ចូលទៅកាន់តំបន់វាលទំនាបតាមព្រំដែន ។
ការបញ្ចេញទឹកនេះ បានធ្វើឡើងរយៈពេល ១ថ្ងៃ ក្រោយទីក្រុងញូវដែល្លី ប្រកាសអាសន្នដល់ទីក្រុងអ៊ីស្លាម៉ាបាដ ពីលទ្ធភាពនៃការជន់លិចតាមតំបន់ព្រំដែន ធ្វើឲ្យវាក្លាយជាការប្រាស្រ័យទាក់ទងគ្នាតាមរយៈការទូតជាសាធារណៈលើកដំបូងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន(NDMA)និយាយថា ពួកគេបានជូនដំណឹងអាសន្នជាមុនដល់ខេត្ត Punjab ស្តីពីការហក់ឡើងខ្ពស់ទឹកទន្លេ Sutlej និងហានិភ័យនៃការជន់លិច ហើយការជម្លៀសខ្លួនមនុស្សចេញពីស្រុកជាច្រើននៅខេត្តភាគខាងកើតមួយនេះ ត្រូវបានធ្វើឡើង ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមជួយសង្រ្គោះ បានជម្លៀសខ្លួនមនុស្សជាង ១៤.០០០នាក់ ចេញពីស្រុក Kasur ស្ថិតក្នុងខេត្ត Punjab ខណៈមនុស្សជាង ៨៩.០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីខ្ពស់សុវត្ថិភាពចេញពីទីក្រុង Bahawalnagaស្ថិតនៅជិតព្រំដែនឥណ្ឌា ។
អាជ្ញាធរ NDMA និយាយថា ក្រុមអាជ្ញាធរ បានជំរុញឲ្យអ្នកស្រុកនៅឆ្ងាយពីទន្លេ ស្ទឹង និងតំបន់វាលទំនាប ចៀសវាងការធ្វើដំណើរពុំចាំបាច់ និងតាមដានការជូនដំណឹងអាសន្នតាមសារព័ត៌មាន ក្នុងទូរស័ព្ទដៃ និងកម្មវិធីប្រកាសអាសន្នគ្រោះមហន្តរាយរបស់ NDMA ៕
