បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី និងលីបង់ គឺលោក Thomas Barrack បាននិយាយនៅថ្ងៃអង្គារ (ទី២៦ ខែសីហា) នេះថា ប្រទេសលីបង់នឹងរៀបចំដាក់ចេញនូវផែនការ នាថ្ងៃទី៣១ ខែសីហា ដើម្បីបញ្ចុះបញ្ចូលក្រុមហេសបូឡាឲ្យព្រមរំសាយអាវុធ។
បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីលីបង់ ក្នុងទីក្រុងបេរូត លោក Barrack បានប្រាប់ថា ប្រទេសអ៊ីស្រាអែលនឹងផ្តល់សំណើតបវិញ នៅពេលដែលទទួលបានផែនការពីលីបង់។ លោកបានបញ្ជាក់ថា ផែនការដែលលីបង់កំពុងរៀបចំ នឹងមិនពាក់ព័ន្ធជាចាំបាច់នឹងសកម្មភាពយោធា ដើម្បីបញ្ចុះបញ្ចូលក្រុមហេសបូឡាប្រំរំសាយអាវុធរបស់ខ្លួននោះឡើយ។

លោក Barrack បានលើកឡើងថា៖ «កងទ័ពលីបង់ និងរដ្ឋាភិបាល មិននិយាយអំពីការធ្វើសង្គ្រាមនោះឡើយ។ ពួកគេកំពុងនិយាយអំពីរបៀបបញ្ចុះបញ្ចូលក្រុមហេសបូឡាបោះបង់អាវុធ»។
កាលពីសប្តាហ៍មុន ប្រមុខក្រុមហេសបូឡា លោក Naim Qassem បានព្រមានរដ្ឋាភិបាលលីបង់កុំផ្ដល់បញ្ហាប្រឈមដល់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះឲ្យសោះ ដោយបញ្ជាក់ថា លីបង់នឹងជួបបញ្ហាធ្ងន់ធ្ងរ ប្រសិនបើសម្រេចធ្វើដូច្នេះ។
ក្រុមហេសបូឡាត្រូវបានធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំងដោយអ៊ីស្រាអែល ក្នុងសង្គ្រាមកាលពីឆ្នាំមុន ដែលមេដឹកនាំ និងយុទ្ធជនជាច្រើននាក់ត្រូវបានសម្លាប់។ កិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានបញ្ចប់ជម្លោះនោះ តម្រូវឲ្យរដ្ឋលីបង់ដកអាវុធរបស់ក្រុមប្រដាប់អាវុធមួយនេះ៕

