នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូឃើញពលរដ្ឋចុះហត្ថលេខាលើកិច្ចសន្យាបម្រើកងទ័ពនៅការិយាល័យជ្រើសរើសយោធា ស្ថិតក្នុងទីក្រុង St. Petersburg ។
អ្នកដែលអាចចុះឈ្មោះបាន គឺជាអ្នកស្រុកនៅទីក្រុង St. Petersburg និងតំបន់ផ្សេងទៀតរបស់រុស្ស៊ី ដែលមានអាយុចាប់ពី ១៦ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយពួកគេត្រូវមានកាយសម្បទារឹងមាំ ។
យោងតាមការអះអាងរបស់ក្រសួង បានឲ្យដឹងថា បុគ្គលិកការិយាល័យជ្រើសកងទ័ព បានណែនាំបេក្ខជនពីលក្ខខណ្ឌនៃកិច្ចសន្យារបស់ពួកគេ ដោយផ្អែកលើការអប់រំរបស់ពួកគេ ប្រវត្តិការងារ និងបទពិសោធន៍យោធាកាលពីមុនរបស់ពួកគេ ។
ការជ្រើសរើសថ្មីនៅទីក្រុង St. Petersburg នឹងទទួលបានប្រាក់សរុប ៣១.០០០ដុល្លារ និងប្រាក់ប្រចាំខែចាប់ផ្តើមពី ២.៦០០ដុល្លារឡើងទៅ ។
ក្រសួងនិយាយថា នៅពេលដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខាងហើយនោះ បុគ្គលិកថ្មីនឹងត្រូវបញ្ជូនទៅកាន់អង្គភាពជាច្រើននៅតាមសង្កាត់យោធា Leningrad សម្រាប់ការហ្វឹកហាត់ ហើយចុងក្រោយនឹងចូលបម្រើកងទ័ព ។
កងកម្លាំងសង្កាត់យោធា Leningrad ត្រូវបានឈរជើងនៅតំបន់ភាគពាយ័ព្យរុស្ស៊ី ហើយនិងត្រូវដាក់ពង្រាយទៅកាន់តំបន់ប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ ៕