បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសមានយុវជន ៥នាក់ទៀតហើយដែលបានបញ្ចប់ការសិក្សា និងត្រូវចប់អាណត្តិពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។ យុវជនទាំង ៥រូបនេះរួមមានកីឡាករ កើត ពេជ, ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និងកីឡាករ ផាត សុខា ដែលពួកគេបានចំណាយពេលជាច្រើនឆ្នាំមកហើយក្នុងការហ្វឹកហាត់ និងរៀនសូត្រនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោមការទំនុបបម្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
បន្ទាប់ពីបញ្ចប់ការសិក្សា និងផុតអាណត្តិនៅទីនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជូនដំណឹងដល់សមាគម/ក្លិបកីឡាបាល់ទាត់កម្ពុជាដែលមានបំណងចង់ចុះកិច្ចសន្យា ជាមួយនឹងយុវជនទាំងអស់នោះទៅជួយក្រុមរបស់ខ្លួន គឺអាចទាក់ទងបានជាមួយពួកគេតាមរយៈសហព័ន្ធដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធ និងលក្ខខណ្ឌផ្សេងៗក្នុងការរៀបចំធ្វើកិច្ចសន្យា។ គួរដឹងថា មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីត្រូវបានសម្ពោធកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីត្រូវបានបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករយុវជន ក្នុងន័យពង្រឹងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីយុវជន ឬកីឡាករស្នាក់នៅទីនោះបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬក្រោយប្រឡងសញ្ញាបត្រទុតិយភូមិ ឬផុតអាណត្តិ ពួកគេនឹងត្រូវរំសាយហើយបណ្ដាសមាគម/ក្លិបនានា តែងតែនាំយកពួកគេមកជួយក្រុមក្រោមលក្ខខណ្ឌ និងកិច្ចសន្យាច្បាស់លាស់មួយជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីធានាបាននូវការសិក្សា និងការអភិវឌ្ឍសមត្ថភាព-បច្ចេកទេសពួកគេបន្ថែមទៀត ក្រោយចាកចេញពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី៕
អត្ថបទ៖ លី ឈុនឡា