ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៦ សីហា) បាននិយាយថា ខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងយោធាដែលអាចកើតមាន ក្នុងតម្លៃជាង ២,៧ពាន់លានដុល្លារ ជាមួយប្រទេសប៉ូឡូញ និងចក្រភពអង់គ្លេស សម្រាប់ប្រព័ន្ធទ្រទ្រង់ និងគាំទ្រយន្តហោះ។

ការលក់គ្រឿងយោធាបរទេសថ្មីទាំងពីរនេះគឺមានតម្លៃ ១,៨៥ពាន់លានដុល្លារសម្រាប់ប៉ូឡូញ ក្នុងផ្នែកដឹកជញ្ជូន និងកិច្ចព្រមព្រៀងគាំទ្រកម្មវិធីយន្តហោះចម្បាំង F-35 ដោយរួមបញ្ចូលការងារថែទាំរបស់ក្រុមហ៊ុន GE Aerospace លើកម្មវិធីកែលម្អផ្នែកម៉ាស៊ីនយន្តហោះ ចំណែកកិច្ចព្រមព្រៀងតម្លៃ ៨៦១លានដុល្លារ សម្រាប់ចក្រភពអង់គ្លេស រួមមានការគាំទ្រដើម្បីទ្រទ្រង់កងយន្តហោះដឹកជញ្ជូន C-17 Globemaster III របស់ខ្លួន។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា អ្នកម៉ៅការសំខាន់សម្រាប់ការលក់ឱ្យអង់គ្លេស គឺក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស ប៊ូអ៊ីង ខូ (Boeing Co) ចំណែកអ្នកម៉ៅការសម្រាប់កិច្ចព្រមព្រៀងប៉ូឡូញ នឹងក្លាយជាក្រុមហ៊ុន GE Aerospace។
ប៉ូឡូញ កំពុងបង្កើនសមត្ថភាពការពារ ដោយដាក់ខ្លួនជាតួអង្គសំខាន់មួយលើស្លាបខាងកើតរបស់អង្គការណាតូ ដើម្បីតតាំងនឹងរុស្ស៊ី ហើយក៏ស្របពេលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធីបតី Donald Trump ដែលបានរិះគន់អឺរ៉ុបយ៉ាងខ្លាំងជុំវិញបញ្ហាសន្តិសុខ៕