សហព័ន្ធប្រៃសណីយ៍សកល (UPU) បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ប្រទេសចំនួន ២៥បានផ្អាកការដឹកជញ្ជូនកញ្ចប់ទំនិញទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា នឹងលុបចោលការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ។

ការសម្រេចរបស់រដ្ឋបាល លោក Trump នឹងចូលជាធរមាននៅថ្ងៃសុក្រ បណ្តាលឱ្យសេវាប្រៃសណីយ៍ត្រូវផ្អាកនៅក្នុងបណ្តាប្រទេសរួមមានប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ឥណ្ឌា អូស្ត្រាលី និងជប៉ុន។ ប្រទេសភាគច្រើននឹងលែងទទួលយកកញ្ចប់ទំនិញផ្ញើទៅកាន់សហរដ្ឋអាមេរិក រហូតដល់មានភាពច្បាស់លាស់អំពីរបៀបដែលវិធានថ្មីនឹងត្រូវបានអនុវត្ត។

សហព័ន្ធប្រៃសណីយ៍សកល (UPU) ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសជាសមាជិក បានលើកឡើងពីភាពមិនច្បាស់លាស់អំពីរបៀបដែលអាជ្ញាធរសហរដ្ឋអាមេរិកមានផែនការអនុវត្តការផ្លាស់ប្តូរនេះ។ សហព័ន្ធបានព្រមានអំពី «ការផ្លាស់ប្តូរប្រតិបត្តិការដ៏ច្រើន» សម្រាប់ប្រតិបត្តិករប្រៃសណីយ៍នៅទូទាំងពិភពលោក។ ចាប់ពីថ្ងៃសុក្រខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនប្រៃសណីយ៍នឹងត្រូវតម្រូវឱ្យប្រមូលពន្ធគយពីអ្នកផ្ញើជាមុន ជំនួសឲ្យអង្គភាពគយនិងការពារព្រំដែនសហរដ្ឋអាមេរិក។
រដ្ឋបាល លោក Trump បាននិយាយថា កញ្ចប់ទំនិញដែលមានតម្លៃត្រឹម១០០ដុល្លារអាមេរិកដែលត្រូវបានផ្ញើនៅតែអាចចូលទៅក្នុងប្រទេសនេះបានដោយមិនបង់ពន្ធ។ ប៉ុន្តែទំនិញដែលលើសពីកម្រិតនេះ នឹងត្រូវជាប់ពន្ធក្នុងនោះមាន១៥ភាគរយសម្រាប់ទំនិញពីសហភាពអឺរ៉ុប និង៥០ភាគរយសម្រាប់ប្រទេសឥណ្ឌា។