អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយថាទីក្រុងតេអេរ៉ង់ បានព្រមានប្រទេសមហាអំណាចចំនួនបីនៅអឺរ៉ុបថា ការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់នឹងមានផលវិបាក ខណៈមន្ត្រីជាន់ខ្ពស់បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបន្តអធិការកិច្ចនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ច «ដែលប្រើយន្តការចាស់» បន្ទាប់ពីត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងកាលពីពេលមុនក្នុងឆ្នាំ២០១៥។

លោក Baghaei បាននិយាយថា អ៊ីរ៉ង់បានប្រាប់ប្រទេសអឺរ៉ុបក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ពួកគេពុំមានសិទ្ធិក្នុងការយកយន្តការចាស់មកប្រើនោះទេ ប៉ុន្តែភាគីទាំងពីរនឹងបន្តកិច្ចចរចានុយក្លេអ៊ែរនៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចពិភាក្សារវាងមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ និងបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា E3 បានធ្វើឡើងនៅពេលដែលក្រុមប្រទេសអឺរ៉ុបនេះបានគំរាមជាយូរមកហើយថានឹងដាក់ទណ្ឌកម្មឡើងវិញនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែតុលា នៅពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាច ផុតកំណត់។
បន្ទាប់ពីជំនួបជាមួយប្រទេសអឺរ៉ុបទាំងបី(E3) អនុរដ្ឋមន្ត្រីការបរទេសលោក Kazem Gharibabadi បាននិយាយថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តចំពោះទំនាក់ទំនងផ្នែកការទូត និងដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក។