កងទ័ពប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២៧ ខែសីហានេះ បានធ្វើសមយុទ្ធឆាកប្រយុទ្ធឆ្លងកាត់ទឹកនៅទីក្រុងYeoju ដើម្បីបង្កើនសមត្ថភាពឆ្លងកាត់ទន្លេ ជាផ្នែកនៃសមយុទ្ធយោធារួមគ្នាដែលកំពុងបន្តរវាងប្រទេសទាំងពីរ។
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកយោធាអាមេរិកនិងកូរ៉េខាងត្បូងប្រហែល៣០០នាក់ បានចូលរួមក្នុងសមយុទ្ធឆ្លងទឹករយៈពេលបីថ្ងៃ ដែលរួមមានទាំងការដំឡើងស្ពានបណ្តែតទឹករួមគ្នាប្រវែង២៨០ម៉ែត្រ។

សមយុទ្ធឆ្លងទឹកគឺជាផ្នែកមួយនៃសមយុទ្ធខែលសេរីភាព Ulchi ជាសមយុទ្ធយោធាប្រចាំឆ្នាំរយៈពេល១១ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ ទី២៦ ខែសីហា បាននិយាយថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការ «កាន់កាប់» ឧបទ្វីបកូរ៉េ និងមានបំណងទៅលើប្រទេសសត្រូវរបស់ខ្លួននៅក្នុងតំបន់។
