ប្រភពការទូតបាននិយាយថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ទំនងជានឹងចាប់ផ្តើមដំណើរការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា នេះ ប៉ុន្តែក៏សង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការប្តេជ្ញាចិត្តលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងពេល ៣០ថ្ងៃ ដែលនឹងបញ្ចុះបញ្ចូលមហាអំណាចអឺរ៉ុបទាំងបីនេះ ឱ្យពន្យារពេលសកម្មភាពជាក់ស្តែង។

អឺរ៉ុបទាំងបី ដែលគេស្គាល់ថា E3 បានជួបភាគីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមស្តារទំនាក់ទំនងការទូតលើកម្មវិធីនុយក្លេអ៊ែរ មុនពេលកិច្ចព្រមព្រៀងមានស្រាប់អស់សុពលភាពនៅពាក់កណ្តាលខែតុលា ដោយនៅពេលនោះអាចស្តារទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ដែលធ្លាប់ត្រូវលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក។
ប្រភពអ្នកការទូតអ៊ឺរ៉ុប ៣នាក់ និងអ្នកការទូតលោកខាងលិចម្នាក់ និយាយថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារមិនមានការប្តេជ្ញាចិត្តគ្រប់គ្រាន់ពីអ៊ីរ៉ង់ទេ ប៉ុន្តែជឿថានៅមានលទ្ធភាពសម្រាប់ការទូតបន្ថែមទៀត ក្នុងសប្តាហ៍ខាងមុខ។ ប្រភពបន្តថា អឺរ៉ុបទាំងបីសម្រេចចាប់ផ្តើមយន្តការ "ត្រឡប់ទៅស្ថានភាពដើម" ដែលដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិឡើងវិញលើអ៊ីរ៉ង់ ប្រហែលជាលឿនបំផុតនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញការចោទប្រកាន់ថាអ៊ីរ៉ង់ រំលោភកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលមានបំណងរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ដំណើរការរបស់អង្គការសហប្រជាជាតិនេះត្រូវចំណាយពេល ៣០ថ្ងៃ មុនពេលទណ្ឌកម្មត្រូវស្ដារឡើងវិញ ដែលនឹងគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ ធនាគារ ឧស្ម័នអ៊ីដ្រូកាបូនឌីអុកស៊ីត និងវិស័យការពារជាតិរបស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានព្រមានពី "ការឆ្លើយតបដ៏ខ្លាំងក្លា" ប្រសិនបើទណ្ឌកម្មត្រូវដាក់ឡើងវិញ៕

