លោកលឹម វុទ្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា បេក្ខជនដែលបានចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ - ២៩ ខែសីហា ឆ្នាំ២០២៥នេះមានចំនួន៣៩០០នាក់ ស្រី២២៩០នាក់ ក្នុងនោះមានបេក្ខជនមកពីខេត្តព្រះវិហារចំនួន២រូប និងបេក្ខជនជាព្រះសង្ឃមានចំនួន២៥អង្គ។ មានចំនួន៦មណ្ឌលប្រឡងក្នុងនោះមាន៖ វិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល អនុវិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល បឋមសិក្សាពោធិ៍សាត់ចំនួន ១មណ្ឌល និងអនុវិទ្យាល័យព្រែកស្តីចំនួន ១មណ្ឌល សរុបមានចំនួន ១៥៩បន្ទប់។ លោកប្រធានមន្ទីរអប់រំបានឱ្យដឹងផងដែរថាលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ - ២០២៤ កន្លងទៅ បេក្ខជនមកប្រឡងមានចំនួន ៣០៣១នាក់ ស្រីចំនួន១៧៨៤នាក់ ប្រឡងជាប់២៣៦៨នាក់ ស្រី១៤៤៥នាក់ ស្មើនិង៧៨,១៣%។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងដំណើរការបើកកញ្ចប់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥នៅមណ្ឌលប្រឡងវិទ្យាល័យពោធិ៍សាត់ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំប្រទេសប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ បានផ្តល់ការណែនាំនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងគ្រប់រូប ទី១. ត្រូវបទបញ្ជាផ្ទៃក្នុង ក្នុងពេលប្រឡងឱ្យបានត្រឹមត្រូវ។ ទី២.កុំភិតភ័យត្រូវខិតខំតាំងចិត្តតាំងអារម្មណ៍ និងស្មារតីប្រឹងបញ្ចេញសមត្ថភាពរបស់ខ្លួន បំពេញលើមុខវិញ្ញាសានីមួយៗដោយផ្ចិតផ្ចង់។ ទី៣. ត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវចំពោះកិច្ចការរបស់ខ្លួនជាមុនសិនមុន និងប្រគល់ជូនមេប្រយោគប្រចាំបន្ទប់។ ក្នុងករណីមានបញ្ហាសុខភាពត្រូវប្រញ៉ាប់ប្រាប់គណៈមេប្រយោគដើម្បីផ្តល់ព័ត៌មានទៅក្រុមពេទ្យជួយអន្តរាគមន៍ភ្លាមៗ៕














